(ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរទិវាសុខភាពពិភពលោកឆ្នាំ ២០២៥ ធនាគារ វីង បានដឹកនាំបុគ្គលិកចូលរួមបរិច្ចាគឈាម ព្រមទាំងផ្តល់ការពិគ្រោះ និងពិនិត្យសុខភាព ជាមួយក្រុមគ្រូពេទ្យជំនាញ នៅក្នុងពិព័រណ៍សុខភាពដោយឥតគិតថ្លៃសេវា ហើយទន្ទឹមគ្នានេះដែរ ក៏មានការដាក់ឱ្យដំណើរការនូវមជ្ឈមណ្ឌលលំហាត់ប្រាណ ដ៏ទំនើបសម្រាប់បុគ្គលិក ដែលស្ថិតក្នុងអគារធនាគារ វីងថៅវើ នៅចំកណ្តាលរាជធានីភ្នំពេញ។ ដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ធនាគារ វីង បានរៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីលើកទឹកចិត្តបុគ្គលិកឱ្យចូលរួមជួយសង្គ្រោះអ្នកជំងឺ ដែលត្រូវការព្យាបាលបន្ទាន់។

បណ្ឌិត Dmytro Kolechko អគ្គនាយកនៃធនាគារ វីង បានលើកឡើងថា «ក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបុគ្គលិករបស់យើងដែលមានសមានចិត្ត ចូលរួមដើម្បីសុខុមាលភាពសហគមន៍។ គ្រប់ដំណក់ឈាមដែលបានបរិច្ចាគ គឺជាពន្លឺនៃក្តីសង្ឃឹមដែលផ្តល់ជីវិតថ្មី ដល់អ្នកដែលកំពុងត្រូវការ»

យោងតាមការផ្សព្វផ្សាយរបស់សារព័ត៌មានក្នុងស្រុក កាលពីពេលថ្មីៗនេះបានឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ មានអ្នកត្រូវការឈាមមួយប្លោក ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ រៀងរាល់៥នាទីម្ដង។ ជាក់ស្តែងនៅតាមមន្ទីរពេទ្យរដ្ឋក្នុងរាជធានីភ្នំពេញ ត្រូវការឈាមចន្លោះពី៣០០ ទៅ៣៥០ ប្លោកជារៀងរាល់ថ្ងៃ ហើយតម្រូវការឈាមនៅទូទាំងប្រទេសកើនដល់ប្រមាណ ១៤៣.១៤៣ ប្លោកក្នុងមួយថ្ងៃ។ យ៉ាងណាមិញមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានគូសបញ្ជាក់ថា ការផ្គត់ផ្គង់នេះអាចបំពេញតម្រូវការបានតែ ៧៥%ប៉ុណ្ណោះ ហេតុដូច្នេះកម្មវិធីបរិច្ចាគឈាមដែលធនាគារ វីង រៀបចំឡើងនាពេលនេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏ចាំបាច់ក្នុងការសង្គ្រោះអាយុជីវិត។

ក្រៅពីជំរុញការបរិច្ចាគឈាម ធនាគារ វីង ក៏បានរៀបចំពិព័រណ៍សុខភាព ដើម្បីផ្តល់ឱកាសដល់បុគ្គលិក ទទួលបានការពិគ្រោះយោបល់ដោយផ្ទាល់ ជាមួយក្រុមគ្រូពេទ្យជំនាញមកពីស្ថាប័នថែទាំសុខភាពឈានមុខគេជាច្រើននៅកម្ពុជា។ បណ្ឌិត Kolechko បន្ថែមថា «ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ទាមទារឱ្យយើងធ្វើការងារជាច្រើន ក៏ប៉ុន្តែការថែរក្សាសុខភាពរបស់យើងឱ្យល្អ គឺជាកត្តាអាទិភាពមួយ។ តាមរយៈការតាមដានពិនិត្យសុខភាពជាប្រចាំ និងទទួលបានការណែនាំពីអ្នកជំនាញ យើងអាចរកឃើញ ហើយអាចដោះស្រាយបញ្ហាសុខភាពបានទាន់ពេលវេលា ដើម្បីប្រាកដថាយើងមានសុខភាពរឹងមាំ ដើម្បីដោះស្រាយការងាជាច្រើននៅក្នុងជីវិត»

ការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលលំហាត់ប្រាណថ្មី ជាផ្នែកមួយនៃចក្ខុវិស័យរបស់ខ្លួន ក្នុងការបង្កើតបរិយាកាសការងារដែលមានផាសុខភាព សម្រាប់បុគ្គលិក ធនាគារ វីង បានដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលលំហាត់ប្រាណថ្មីនៅជាន់ទី៦ នៃទីស្នាក់ការកណ្តាលរបស់ខ្លួន។ មជ្ឈមណ្ឌលលំហាត់ប្រាណដ៏ទំនើបនេះ ផ្តល់ជូនបុគ្គលិកនូវការចូលហាត់ប្រាណដោយឥតគិតថ្លៃ ដោយបំពាក់នូវសម្ភារៈប្រណីតៗ រួមជាមួយនឹងថ្នាក់យូហ្គាដ៏ស្រស់ស្រាយ បន្ទាប់ពីបំពេញការងាររួចរាល់។
មជ្ឈមណ្ឌលហាត់ប្រាណនេះ ត្រូវបានរចនាឡើងដោយផ្តោតលើសោភ័ណភាព និងមុខងារជាសំខាន់ៗ ដោយបានបំពាក់នូវម៉ាស៊ីនហាត់ប្រាណទំនើប ឧបករណ៍សម្រាប់ហ្វឹកហាត់កម្លាំង និងស្ទូឌីយោយូហ្គាដ៏មនោរម្យ ដែលអាចមើលឃើញទិដ្ឋភាពស្រស់ស្អាតនៃទីក្រុងភ្នំពេញថែមទៀតផង។

មជ្ឈមណ្ឌលហាត់ប្រាណនេះ មាននូវទូសម្រាប់ទុកដាក់សម្ភារៈធំទូលាយ បន្ទប់ទឹកស្អាត និងកន្លែងសម្រាកដ៏កក់ក្ដៅ ទីនេះបានក្លាយជាកន្លែងហាត់ប្រាណដ៏ទាក់ទាញ។ ដោយមានពន្លឺធម្មជាតិជះចូលទៅក្នុងអគារគ្រប់គ្រាន់ ក៏ដូចជាពណ៌ស្រាលស្រទន់ អមដោយការតុបតែងប្រកបដោយភាពទាក់ទាញ មជ្ឈមណ្ឌលនេះបានជំរុញលើកទឹកចិត្តបុគ្គលិកទាំងអស់ ឱ្យគិតគូលើសុខភាពរបស់ពួកគេកាន់តែខ្លាំង។

លើសពីកន្លែងធ្វើការ អគារធនាគារ វីងថៅវើ ក៏មានការផ្តល់ជូនជាច្រើនថែមទៀត ដែលជួយលើកកម្ពស់បរិយកាសការងារប្រចាំថ្ងៃរបស់បុគ្គលិក។ ទាំងនេះរួមមានហាងកាហ្វេ Coffee Hub ចំនួនពីរកន្លែង ដោយមានមួយនៅជាន់ផ្ទាល់ដី និងមួយទៀតស្ថិតនៅជាន់ខាងលើ ព្រមទាំងមានអាហារដ្ឋានដែលផ្តល់ជូននូវអាហារឆ្ងាញ់ៗជាច្រើនជម្រើស ហើយមានតម្លៃសមរម្យ។ ជាន់នីមួយៗនៃអាគារនេះមានបន្ទប់ផ្ទះបាយ និងកន្លែងសម្រាក ដើម្បីផ្តល់នូវភាពងាយស្រួល និងផាសុកភាពសម្រាប់បុគ្គលិកទាំងអស់ពេញមួយថ្ងៃ។ ដោយបច្ចុប្បន្នមានបុគ្គលិកបម្រើការងារនៅទូទាំងប្រទេសជាង ៣.០០០នាក់ ដែលក្នុងនោះប្រហែល៤០% គឺជាបុគ្គលិកស្ត្រី ធនាគារ វីង បានបង្កើតសហគមន៍ចម្រុះ និងប្រកបដោយថាមពល។ ធនាគារ វីង បានយកចិត្តទុកដាក់លើការវិនិយោគអភិវឌ្ឍ សមត្ថភាពបុគ្គលិក តាមរយៈកម្មវិធីបណ្តុះបណ្តាលយ៉ាងទូលំទូលាយ ដែលមានគោលបំណងបំពាក់បំប៉នបុគ្គលិក នូវជំនាញដែលពួកគេត្រូវការ ដើម្បីទទួលបានភាពរីកចម្រើនប្រកបដោយវិជ្ជាជីវៈ។

ក្នុងត្រីមាសទី១នៃឆ្នាំ២០២៥ ធនាគារ វីង បានផ្តល់ការបណ្តុះបណ្តាលចំនួន ១១៥វគ្គ ដែលជួយលើកកម្ពស់សមត្ថភាព បុគ្គលិកជិត២.០០០នាក់ ដើម្បីពង្រីកជំនាញរបស់ពួកគេ ក៏ដូចជាជំរុញឱ្យធនាគារ វីង បន្តនូវភាពបានជោគជ័យដ៏រឹងមាំ៕