(បរទេស)៖ Cristiano Ronaldo បានចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់លោក Aurelio da Silva Pereira កាលពីថ្ងៃអង្គារ ទី០៨ ខែមេសា ឆ្នាំ២០២៥ ក្នុងវ័យ ៧៧ឆ្នាំ។

លោក Pereira អតីតស្ថាបនិកក្លិប Sporting Lisbon នាអំឡុងឆ្នាំ១៩៨៨ និងបានផលិតកីឡាករល្បីៗរបស់ព័រទុយហ្គាល់ជាច្រើននាក់ទៀតផង ក្នុងនោះក៏មានកំពូលខ្សែប្រយុទ្ធ Ronaldo ផងដែរ។

មិនត្រឹមតែ Cr7 ដែលកំពុងរត់លើទីលាននៅប្រទេសអារ៉ាប៊ីសាអូឌីតបច្ចុប្បន្នប៉ុណ្ណោះទេ ក្នុងនោះក៏មាន Luis Figo, Nani និង Ricardo Quaresma ជាដើម។

Ronaldo បានសរសេរបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនថា «គ្រូបង្វឹកដែលជានិម្មិតរូបដ៏អស្ចារ្យសម្រាប់ពួកយើងគ្រប់គ្នា បានចាកឆ្ងាយហើយ ក៏ប៉ុន្តែស្នាដៃរបស់លោក នឹងនៅតែដិតជាប់ក្នុងចិត្តរបស់ពួកយើងជានិច្ច។ ខ្ញុំនឹងចងចាំមិនអាចបំភ្លេចបានឡើយ ចំពោះទង្វើរបស់គាត់មានចំពោះរូបខ្ញុំ និងកីឡាករឯទៀត។ អរគុណគ្រប់យ៉ាងចំពោះលោក Aurelio។ សូមវិញ្ញាណក្ខន្ធលោកទៅកាន់សុគិភព»។

នៅចាំបានថា លោក Aurlio Pereira គឺជាតួអង្គសំខាន់មួយរូបសម្រាប់ភាពជោគជ័យនៃក្រុមជម្រើសជាតិព័រទុយហ្គាល់ ជាពិសេសឈ្នះជើងឯកពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប Euro 2016 នៅបារាំង ដោយមានកូនក្រុមរបស់លោកដល់ទៅ ១០នាក់ ដែលត្រូវបានគេផ្តល់រហស្សនាមថា «Aurelios» ទៀតផង៕