(ភ្នំពេញ)៖ នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៥នេះ ក្រុមហ៊ុន JT International (Cambodia) Co. Ltd (ហៅកាត់ JTI) ដែលជាក្រុមហ៊ុនថ្នាំជក់អន្តរជាតិឈានមុខគេ បានសហការជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា សម្រាប់ដំណើរទស្សនកិច្ចជាទំព័រប្រវត្តិសាស្ត្រមួយទៅកាន់ចំការថ្នាំជក់ក្នុងខេត្តត្បូងឃ្មុំ។
ពិធីនេះដឹកនាំដោយ លោកស្រីចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលមានអ្នកចូលរួមជិត ៣០០នាក់ រួមមានមន្រ្តីនៃក្រសួងពាណិជ្ជកម្ម ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ តំណាងគណៈអភិបាលខេត្តត្បូងឃ្មុំ និងកំពង់ចាម សមាជិកសហគមន៍កសិករថ្នាំជក់ សហការីក្រុមហ៊ុន JTI និងភ្ញៀវកិត្តិយសជប៉ុន។
ការដាំថ្នាំជក់នៅកម្ពុជា ដែលជាប្រពៃណីតាំងពីសម័យអាណានិគមបារាំង បានរីកចម្រើននៅលើដីសម្បូរបែបតាមមាត់ទន្លេនៃខេត្តត្បូងឃ្មុំ និងកំពង់ចាម។ ដើម្បីទទួលស្គាល់ និងលើកកម្ពស់មរតកកសិកម្មថ្នាំជក់នេះ ក្រសួងពាណិជ្ជកម្មបានណែនាំឱ្យមានការចុះបញ្ជី «ម៉ាកសមូហភាពលើផលិតលថ្នាំជក់កម្ពុជា» ដែលជាការជំរុញឱ្យមានការទទួលស្គាល់ម៉ាកម្ពុជាក្នុងតំបន់ ក្នុងន័យដើម្បីការពារអត្តសញ្ញាណថ្នាំជក់ដ៏មានលក្ខណៈពិសេសរបស់កម្ពុជា និងពង្រីកវត្តមានរបស់វានៅក្នុងទីផ្សារថ្នាក់តំបន់ និងអន្តរជាតិ។ ក្រុមហ៊ុន JTI ក៏បានកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងនេះ ដោយយល់ថាវាជាគ្រឹះសម្រាប់ការលើកកម្ពស់មរតកកសិកម្មថ្នាំជក់របស់កម្ពុជា។
ក្នុងអំឡុងពេលទស្សនកិច្ច លោកស្រី ចម និម្មល និងអ្នកជំនាញសន្លឹកថ្នាំជក់នៃក្រុមហ៊ុន JTI បានស្វែងយល់អំពីសក្តានុពលដ៏អស្ចារ្យនៃផលិតផលថ្នាំជក់កម្ពុជា។ ជាមួយនឹងជំនាញ ព្រមទាំងបទពិសោធន៍លើវិស័យថ្នាំជក់ និងសន្លឹកថ្នាំជក់កម្រិតសកលលោកក្រុមហ៊ុន JTI បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការចែករំលែកចំណេះដឹងលើបច្ចេកទេសសន្លឹកថ្នាំជក់ និងលើកកម្ពស់ការរីកចម្រើនក្នុងសហគមន៍។ ជាការឆ្លើយតប លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសម្តែងនូវការគាំទ្រចំពោះក្រុមហ៊ុន JTI ក្នុងការជំរុញផលិតផលថ្នាំជក់កម្ពុជា ក្នុងខេត្តត្បូងឃ្មុំ និងកំពង់ចាម។
លោក Benjamin Cerletti អគ្គនាយកក្រុមហ៊ុន JTI កម្ពុជា បានលើកឡើងថា «ការដាំថ្នាំជក់គឺជារបរអាជីវកម្មមួយវាជាមធ្យោបាយរស់នៅ ប្រពៃណី និងជាប្រភពចំណូលដែលលើកតម្កើងជីវភាពគ្រួសារមួយចំនួននៅតំបន់នេះ»។ យើងមានមោទនភាពក្នុងការប្រារព្ធការរីកចម្រើននេះ និងសហការលើការបង្កើតដៃគូដែលមានរយៈពេលយូរអង្វែង ដៃគូសម្រាប់ការរីកចម្រើន រួមគ្នាពិតប្រាកដ»។
កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ មានលើសពីផ្នែកកសិកម្មថ្នាំជក់ទៅទៀត។ ក្រុមហ៊ុន JTI បានបង្ហាញពីភាពជោគជ័យនៃគម្រោងវិនិយោគសហគមន៍របស់ខ្លួននៅកម្ពុជា ដែលគាំទ្រដល់ការលើកកម្ពស់សេដ្ឋកិច្ច កិច្ចការពារបរិស្ថាន និងការចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ជាផ្នែកមួយនៃយុទ្ធនាការគម្រោងទឹកស្អាត ក្រុមហ៊ុន JTI តាមរយៈលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានប្រគល់ជូនប៉មប្រព័ន្ធចម្រោះទឹក AquaTower ចំនួនពីរដែលមានតម្លៃសរុប ៤០,០០០ដុល្លារ ជូនទៅឃុំរកាខ្នុរខេត្តត្បូងឃ្មុំ និងឃុំខ្ពបតាងួន ខេត្តកំពង់ចាម ដែលប្រជាជនក្នុងសហគមន៍នេះអាចចូលរួមទទួលបានទឹកស្អាតសម្រាប់ផឹកយ៉ាងមានសុវត្ថិភាព។
ពិធីនេះជាសញ្ញាដ៏មានអត្ថន័យនៃការចងក្រងកិច្ចសហការរវាងរដ្ឋាភិបាល និងវិស័យឯកជន។ ក្រុមហ៊ុន JTI ប្តេជ្ញាចិត្តក្នុងការលើកកម្ពស់យន្តការដៃគូដែលមានស្រាប់កន្លងមក ខណៈពេលស្វែងរកមធ្យោបាយថ្មីៗសម្រាប់ការសហការដើម្បីជំរុញការរីកចម្រើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា៕