(តូរីន)៖ Bologna បានរួមចំណែកជួយក្រុមកំពូលតារាងលីគអ៉ីតាលី Serie A បច្ចុប្បន្នគឺ Inter Milan ដោយប្រយោល តាមរយៈរារាំងក្រុមខ្លាំង ពពកស Napoli មិនឱ្យរកបាន ៣ពិន្ទុក្នុងដីរបស់ពួកគេកាលពីរាត្រីថ្ងៃចន្ទ។

កីឡាករ Dan Ndoye ជាអ្នករកបានគ្រាប់តាមស្មើ ១-១ នៅនាទី៦៤ ក្នុងកីឡដ្ឋាន Stadio Renato Dall’Ara ក្រោយពេល Andre-Frank Anguissa ជាអ្នករកបានគ្រាប់នាំមុខឱ្យក្រុមភ្ញៀវ Napoli តាំងពីនាទី១៨ មកនៃសប្តាហ៍ទី៣១។

ខ្សែប្រយុទ្ធអន្តរជាតិស្វីសរូបនេះ រកបាន ៨គ្រាប់ហើយក្នុងលីគនារដូវកាលនេះ សម្រាប់ Bologna ដែលបានហាលអាវពី UCL ត្រឹមវគ្គ League Phase។

ឆ្លងតាមលទ្ធផលស្មើ និងទទួលបាន ១ពិន្ទុរៀងៗខ្លួននេះដែរ ក្រុមរបស់លោក Antonio Conte បន្តឈរនៅលេខរៀងទី២ ក្នុងតារាងដដែលជាមួយនឹង ៦៥ពិន្ទុ ចាញ់ប្រៀបក្រុមការពារតំណែងជើងឯក Inter Milan ៣ពិន្ទុ នៅពេល Bologna ខ្លួនឯង ឈរនៅចំណាត់ថ្នាក់ទី៤ មាន ៥៧ពិន្ទុ ក្នុងតំបន់កៅអីលេងពានអឺរ៉ុប UEFA Champions League 2025-26៕