(រីយ៉ាដ)៖ កីឡាករ Josh Padley នឹងត្រូវប្រឈមមុខជាមួយម្ចាស់ខ្សែក្រវាត់ពិភពលោក WBC ទម្ងន់ស្រាល Stevenson នៅថ្ងៃសៅរ៍ខានស្អែក ជំនួសកន្លែង Floyd Schofield Jr ដែលបានបង្ខំចិត្តដកខ្លួន ដោយសារមានជំងឺ។
កីឡាករប្រដាល់សកល Schofield Jr ត្រូវបានគណៈកម្មការលុបឈ្មោះពីការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកវិញ បន្ទាប់ពីឪពុករបស់គេ បានបង្ហោះរូបក្នុងមន្ទីរពេទ្យកាលពីថ្ងៃអង្គារ មុនពេលរូបគេត្រូវឡើងសង្វៀននៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ នៅប្រទេសអារ៉ាប៊ីសាអូឌីត។
ទន្ទឹមគ្នានោះ គណៈកម្មការក៏បានបញ្ចូលឈ្មោះ Padley ដែលមានប្រវត្តិវាយ ១៥ដងមិនចាញ់ជំនួសវិញ ដើម្បីទប់ទល់នឹង Stevenson វ័យ ២៧ឆ្នាំ ក្នុងចំណោម ៦គូសរុបនៅទីក្រុង Riyadh នាចុងសប្តាហ៍នេះ។
Shakur Stevenson ដែលធ្លាប់ផ្តួលដៃគូសន្លប់លើសង្វៀនបាន ១០លើក ក្នុងចំណោមជ័យជម្នះ ២២លើកផងនោះ នឹងឡើងការពារខ្សែក្រវាត់ WBC ជាលើកទី២ របស់គេ ក្រោយជើងខ្លាំងអាមេរិករូបនេះដណ្តើមបានកាលពីឆ្នាំ២០២៣៕