(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា កាលពីព្រឹកនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានសម្ពោធការបើកដំណើរការជើងហោះហើរថ្មី រវាងរាជធានីភ្នំពេញ និង រាជធានីបាងកក ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅជាមួយនឹងកាដូ និងការថតរូបអនុស្សាវរីយ៍ជាមួយនឹងក្រុមការងារ ពីក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ជូនទៅកាន់អ្នកដំណើរសម្រាប់ជើងហោះហើរដំបូង។ ចំពោះការបើកដំណើរការជើងហោះហើរថ្មីនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានដឹកជញ្ជូនអ្នកដំណើរសរុបប្រមាណជា ៣០០ នាក់ទាំងទៅទាំងមក។
ជើងហោះហើរនេះ នឹងធ្វើឡើងជារៀងរាល់ថ្ងៃ ដោយប្រើប្រាស់យន្តហោះប្រភេទ អ៊ែរប៊ើស ៣២០ ឬ ៣២១ បូករួមជាមួយនឹងសេវាកម្មលើយន្តហោះ ដូចជាផ្តល់ជូននូវអាហារសម្រន់ និងអីវ៉ាន់សម្រាប់អ្នកធ្វើដំណើររហូតដល់ ៣២គីឡូ ក្នុង១នាក់។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ក៏មានការផ្តល់ជូនសេវាកម្មថ្នាក់ពាណិជ្ជកម្ម ក្នុងតម្លៃពិសេស និងប្រកបដោយផាសុកភាព។
ក្រោមអនុសាសន៍ របស់លោកបណ្ឌិត ចាន់ ដេវីដ អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ ជាតិ កម្ពុជា បានលើកឡើងពីចក្ខុវិស័យ និង ទិសដៅ ក្នុងការពង្រឹង និងពង្រីកវិសាលភាពនៃជើងហោះហើរថ្មីទៅកាន់ប្រទេសនានា ដូចជាប្រទេសជប៉ុន, ប្រទេសកូរ៉េ និងប្រទេសផ្សេងៗទៀត នាពេលខាងមុខ។ នៅក្នុងកំឡុងដើមឆ្នាំ២០២៥នេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ បានបង្កើនវិសាលភាពរបស់ខ្លួន ដោយបានបើកដំណើរការនូវជើងហោះហើរថ្មីចំនួន២ គឺ ជើងហោះហើររវាងរាជធានីភ្នំពេញ និងកោះត្រល់ និងជើងហោះហើររវាង រាជធានីភ្នំពេញ និងរាជធានីបាងកក។ សម្រាប់ជើងហោះហើរទៅរាជធានីបាងកក នឹងមានការបន្ថែមជើងហោះហើរតិច ២ជើងក្នុងមួយថ្ងៃ ហើយនឹងការតភ្ជាប់ពីទីក្រុងសៀមរាប និង ក្រុងព្រះសីហនុ ទៅរាជធានីបាងកក នាពេលអនាគតដ៏ខ្លីខាងមុខនេះ។
លើសពីនេះទៅទៀត ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា បានដាក់បន្ថែមនូវអត្ថប្រយោជន៍យ៉ាងច្រើនជូនអ្នកដំណើរដែលមានសញ្ជាតិខ្មែរ ដោយទទួលបានអីវ៉ាន់ចំនួន ២វ៉ាលី មិនលើសពី ២៣គីឡូ ក្នុង១វ៉ាលី និង ការផ្លាស់ប្តូរថ្ងៃហោះហើរចំនួន ១ដងដោយឥតគិតថ្លៃ។
ពិសេសជាងទៅទៀត ក្រុមហ៊ុនអាកាសចរណ៍ជាតិ បានធ្វើការចែកសំបុត្រយន្តហោះដោយឥតគិតថ្លៃ ជូនទៅដល់សិស្ស និស្សិត ដែលកំពុងតែសិក្សាថ្នាក់មហាវិទ្យាល័យគ្រប់កម្រិត លើកលែងតែ ថ្នាក់បណ្ឌិត និងមានកម្រិតអាយុចាប់ពី ១៨ ឆ្នាំ រហូតដល់ ៣០ឆ្នាំ៕