(ភ្នំពេញ)៖ ក្លិបព្រះខ័នរាជស្វាយរៀង បានបង្ហាញខ្សែប្រយុទ្ធអន្ដរជាតិ ១រូបទៀតហើយ គឺកីឡាករសញ្ជាតិប្រេស៊ីល Matheus Moresche ដែលត្រូវជំនួសតំណែងខ្សែប្រយុទ្ធប្រេស៊ីល Pablo Agusto ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា តែពួកគេ អាចពួតដៃគ្នាជួយក្រុមប្រជែងពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីបអាស៊ី AFC Challenge League 2024/25 បានដូចគ្នា ។

ការនាំចូលខ្សែប្រយុទ្ធថ្មី ដែលមានបទពិសោធន៍ច្រើន ទាំងនៅតំបន់អឺរ៉ុប និងអាស៊ីនេះ បានទទួលការចាប់អារម្មណ៍ជាខ្លាំង ដ្បិតក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ ទើបនាំចូលខ្សែប្រយុទ្ធប្រេស៊ីលផងដែរ គឺកីឡាករ Breno Caetano ដែលផ្ទេរមកពីក្លិបក្របខណ្ឌលីគទី២ ប្រទេសអ៊ុយរូហ្គាយ កាលពីថ្មីៗ តែរូបគេអាចលេងបានតែពានរង្វាន់ AFC Challenge League 2024/25 ។

ប៉ុន្មានរដូវចុងក្រោយ ភាគច្រើន Matheus ប្រកបអាជីពក្នុងតំបន់អាស៊ី ដូចជាអូស្ដ្រាលី សិង្ហបុរី អ៊ីរ៉ាក់ និងចិនជាដើម ជាក់ស្ដែងមុនផ្ទេរមកព្រះខ័នរាជស្វាយរៀង រូបគេបានលេងឲ្យក្លិប Nanjing City នៃលីគទី២ ចិន ដោយបង្ហាញខ្លួនបាន ២៩ប្រកួត និងរកបាន ៥គ្រាប់ ។ កីឡាករ ២៦ឆ្នាំរូបនេះ នឹងត្រូវជំនួសតំណែង Pablo ក្នុងលីគ បន្ទាប់ពីកីឡាករប្រេស៊ីលដូចគ្នានេះ រងរបួស និងត្រូវការសម្រាកស្ដារនីតិសម្បទាយ៉ាងតិច ៦សប្ដាហ៍ ។

តាមការបញ្ជាក់លើបណ្ដាញសង្គមផ្លូវការរបស់ក្លិប ទោះបីខកខានបន្ដជួយក្រុមក្នុងលីគ តែPablo Agusto នៅតែជាស មាជិករបស់ក្លិបព្រះខ័នរាជស្វាយរៀង ដែលអាចលេងបាន ក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពានរង្វាន់ AFC Challenge League 2024/25 ។ ដូច្នេះមានន័យថា ទាំងសមាជិកថ្មី Matheus និង Pablo គឺមានឱកាសពួតដៃគ្នាជួយក្រុមក្នុងការប្រកួតពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីបអាស៊ីនាពេលខាងមុខ ។

គួរដឹងថា ភារកិច្ចចំពោះមុខរបស់ព្រះខ័នរាជស្វាយរៀង ក្នុងពានរង្វាន់ AFC Challenge League 2024/25 នឹងត្រូវជួបក្រុម Shan United របស់មីយ៉ាន់ម៉ា ក្នុងវគ្គ ៨ក្រុមចុងក្រោយ ដោយជើងទី១ ក្រុមទាំងពីរ គ្រោងជួបគ្នា នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ នាថ្ងៃទី០៦ ខែមីនា និងជើងទី២ ត្រូវជួបគ្នានៅទឹកដីមីយ៉ាន់ម៉ាវិញម្ដង នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ខាងមុខ ៕