(ភ្នំពេញ)៖ នាពេលថ្មីៗនេះក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានរៀបចំពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ក្តីស្រលាញ់ ផ្តល់ឈាម» ដើម្បីអបអរសាទរទិវានៃក្តីស្រលាញ់ ដែលបានរៀបចំនៅ Hanuman VIP Lounge នៃផ្សារទំនើប អ៊ីអនម៉ល សែនសុខ។
ជារៀងរាល់ឆ្នាំក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស តែងតែរៀបចំយុទ្ធនាការបរិច្ចាគឈាម។ សម្រាប់ឆ្នាំ២០២៥នេះ យុទ្ធនាការ «ផ្តល់ក្តីស្រលាញ់ ផ្តល់ឈាម» បានធ្វើការបើកទទួលអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមជាសាធារណៈ ដែលមានអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមប្រមាណជាង ៥០០នាក់ ព្រមជាមួយនឹងវត្តមាន លោក ថេ ណា ទូតសុឆន្ទៈ នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីសផងដែរ។
សម្រាប់អ្នកស្ម័គ្រចិត្តបរិច្ចាគឈាម ទាំងអស់ទទួលបាននូវកាដូអនុស្សាវរីយ៍ដ៏ស្រស់ស្អាត ហើយកាន់តែពិសេស ក្រុមហ៊ុន បានផ្តល់ជូនកាដូអនុស្សាវរីយ៍ដ៏វិសេសវិសាល ដល់អ្នកស្ម័គ្រចិត្តដែលមានសំណាងជាងគេក្នុងថ្ងៃនោះនូវមាសសុទ្ធទម្ងន់ ១ជី ចំនួន២រូប។
ឆ្លៀតក្នុងឱកាសនេះផងដែរលោកស្រី តាំង ណាគ្រី ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និងតំណាងលោកស្រី ខៀវ សស៊ីលៀប ស្ថាបនិកា អគ្គនាយិកា និងប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានឱ្យដឹងថា នេះពិតជាវេលាដ៏វិសេសវិសាលមួយ ដែលយើងទាំងអស់គ្នា បានចូលរួមធ្វើការស័្មគ្រចិត្ត ក្នុងយុទ្ធនាការដ៏មានគុណតម្លៃបំផុត គឺការបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតមនុស្ស ដែលបង្ហាញពីទង្វើសប្បុរសធម៌ដ៏ថ្លៃថ្លាចំពោះបងប្អូនរួមជាតិជាច្រើននាក់ ដែលបាននិងកំពុងត្រូវការឈាមជាចាំបាច់ ដើម្បីបន្តជីវិត។ យុទ្ឋនាការឆ្នាំនេះ គឺជាឆ្នាំទី៣នៃយុទ្ធនាការនេះ យើងក៏ទទួលបានលទ្ធផលវិជ្ជមានលើសពីការរំពឹងទុក ដោយអ្នកចូលរួមកើនរហូតដល់ ៥០០នាក់ ធៀបនឹងឆ្នាំទ គឺលើសផែនការរំពឹងទុកផងដែរ។
លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា ក្នុងនាមមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាល មន្ដ្រីរាជការ បុគ្គលិក ទាំងអស់ សូមស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះសប្បុរសជនទាំងអស់ ដែលបានធ្វើអំណោយទានសម្រាប់ជីវិត និងបានធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដនិងមិនគិតកម្រៃ រួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយក្ដីសប្បុរស។ យុទ្ធនាការ «ផ្តល់ក្តីស្រឡាញ់ ផ្តល់ឈាម» ថ្ងៃនេះគឺជាប្រធានបទដ៏ មានអត្ថន័យ សម្រាប់យើងទាំងអស់គ្នា។”
យុទ្ធនាការ «ផ្តល់ក្តីស្រលាញ់ ផ្តល់ឈាម» គឺបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ សូមធ្វើការចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាមឱ្យបានច្រើនឡើងៗ ។ ការស្ម័គ្រចិត្តធ្វើការបរិច្ចាគឈាម គឺជាការបរិច្ចាគដែលចេញពីបេះដូងយ៉ាងពិតប្រាកដ ព្រោះឈាម ពិតជាមានតម្លៃខ្លាំង នឹងមិនមានរោងចក្រណាអាចផលិតឈាមបានឡើយ។
ជាចុងបញ្ចប់លោកស្រី តំណាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានធ្វើការអំពាវនាវ និងលើកទឹកចិត្តដល់អ្នកដែលមិនទាន់បានធ្វើការស្ម័គ្រចិត្តផ្តល់ឈាម សូមចូលរួមស្ម័គ្រចិត្តផ្តល់ឈាមទាំងអស់គ្នា និងកុំមានភាពភ័យខ្លាច ហើយក៏សូមលើកទឹកចិត្ត ដល់អ្នកដែលធ្លាប់បានធ្វើការបរិច្ចាគឈាមពីមុនមក សូមបន្តធ្វើការបរិច្ចាគឈាមបន្ថែមទៀតដើម្បីចូលរួមចែករំលែកក្តីស្រលាញ់តាមរយៈយុទ្ធនាការដ៏មានគុណតម្លៃមួយនេះ៕