(ឡុងដ៏)៖ លោក Khalid bin Bandar Al Saud ឯកអគ្គរដ្ឋទូត Saudi Arabia ប្រចាំចក្រភពអង់គ្លេស បាននិយាយថា ប្រទេសម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2034 គឺ Saudi Arabia នឹងរក្សាការហាមឃាត់បច្ចុប្បន្នរបស់ខ្លួន លើគ្រឿងស្រវឹងក្នុងអំឡុងពេល World Cup 2034។ នេះបើតាមលោកបានប្រាប់ទៅកាន់ស្ថានីយ៍វិទ្យុអង់គ្លេស LBC កាលពីថ្ងៃពុធ។

សូមជម្រាបផងថា ការហាមឃាត់មិនឱ្យផឹកគ្រឿងស្រវឹង សម្រាប់ប្រជាជម៉ូស្លីមត្រូវបានប្រតិបត្តិតាំងពីឆ្នាំ១៩៥២ ខណៈស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានប្រកាសជាផ្លូវការហើយថា អារ៉ាប៊ីសាអូឌីត នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំ២០៣៤ កាលពីខែធ្នូ ឆ្នាំ២០២៤ ។

រំលឹកផងថា កាលពីប្រទេសកាតា ធ្វើម្ចាស់ផ្ទះ World Cup 2022 សម្រាប់ការហាមឃាត់ផឹកគ្រឿងស្រវឹង សម្រាប់ប្រជាជនកាន់សាសនាម៉ូស្លីម គឺមិនត្រូវបានដាក់លក់នៅក្នុងពហុកីឡដ្ឋានក្នុងប្រទេសកាតា នោះទេ ដោយការផឹកនៅទីសាធារណៈគឺខុសច្បាប់ ប៉ុន្តែស្រាបៀរមានលក់នៅតាមតំបន់អ្នកគាំទ្រដែលត្រូវបានកំណត់ និងមាននៅក្នុងសណ្ឋាគាមួយចំនួន ។

ពាក់ពាននឹងគ្រឿងស្រវឹងនេះ កាលពីឆ្នាំមុន អារ៉ាប៊ីសាអូឌីតបានប្រកាសបើកហាងគ្រឿងស្រវឹងនៅក្នុង ទីក្រុង Riyadh ដើម្បីប្រយុទ្ធប្រឆាំងនឹងទីផ្សារងងឹត និងការនាំចូលខុសច្បាប់ ហើយការបើកហាងនេះ គឺដើម្បីផ្តលឱ្យតែអ្នកការទូត ដែលមិនកាន់សាសនាមូស្លីម ដោយមុនការទិញត្រូវតែបង្ហាញអត្តសញ្ញាណការទូតរបស់ពួកគេជាមុន ។

បញ្ជាក់ផងថា សម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2034 ដែលរៀបចំនៅ Saudi Arabia នឹងមានក្រុមចូលរួមកើនដល់ ៤៨ក្រុម មកពី៦ តំបន់ ដែលធ្វើឡើងនៅកីឡដ្ឋានចំនួន១៥ ក្នុងទីក្រុង៥ ផ្សេងគ្នា៕