(បរទេស)៖ ក្រុមហ៊ុនស្រាវជ្រាវ Rho Motion បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ការលក់រថយន្តអគ្គិសនី និងរថយន្តកូនកាត់អគ្គិសនី Plug-in Hybrid (PHEV) ជាសកលនៅក្នុងខែមករា បានកើនឡើងជិត ១៨% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលកំណើននៅអឺរ៉ុប និងសហរដ្ឋអាមេរិកបានវ៉ាដាច់ប្រទេសចិនជាលើកដំបូងចាប់តាំងពីខែកុម្ភៈឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reutes នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។
លោក Charles Lester អ្នកគ្រប់គ្រងទិន្នន័យ Rho Motion បាននិយាយថា ទីផ្សាររថយន្តអ៊ឺរ៉ុបបានចាប់ផ្តើមនៅឆ្នាំនេះដោយឈរលើមូលដ្ឋានដ៏រឹងមាំ ស្របពេលដែលគោលដៅនៃការបំភាយឧស្ម័នកាបូនិច (CO2) ចូលជាធរមាននៅក្នុងសហភាពអឺរ៉ុប។ ដោយឡែកសម្រាប់ទីផ្សារប្រទេសចិន ត្រូវបានធ្លាក់ចុះការលក់ក្នុងចំនួនដ៏ខ្ពស់ប្រមាណ ៤៣% ពីមួយខែទៅមួយខែ។
រដ្ឋាភិបាលជុំវិញពិភពលោក កំពុងអនុវត្តគោលនយោបាយផ្សេងៗគ្នាដើម្បីលើកទឹកចិត្តដល់ការអនុម័តរថយន្តអគ្កសនី (EV) ខណៈពេលដែលភាពតានតឹងពាណិជ្ជកម្ម និងការធ្លាក់ចុះទីផ្សាររថយន្តបង្ហាញពីការបិទរោងចក្រ និងការបាត់បង់ការងាររាប់ពាន់នាក់។ ជាពិសេស ប្រទេសចិនបានពង្រីកការឧបត្ថម្ភធនលើពាណិជ្ជកម្មរថយន្តរបស់ខ្លួនដល់ឆ្នាំ ២០២៥ ដែលជាផ្នែកមួយនៃគម្រោងពាណិជ្ជកម្មអ្នកប្រើប្រាស់ដែលបានពង្រីកនៅក្នុងខែមករា ដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃការលក់រថយន្ត EV ខណៈពេលដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចឡើងវិញ។
គួរជម្រាបថា ការលក់រយន្តអគ្គិសនី និងរថយន្តកូនកាត់ បានកើនឡើង ១៧.៧% ពីមួយឆ្នាំទៅមួយឆ្នាំ ឈានដល់ចំនួនសរុប ១.៣លានគ្រឿងក្នុងខែមករា ដែលជាខែទី៣ ជាប់ៗគ្នា។ ការលក់ នៅក្នុងប្រទេសចិនបានកើនឡើង ១១.៨% ពីមួយឆ្នាំទៅមួយឆ្នាំដល់ ០.៧ លានគ្រឿងក្នុងមួយខែ។ ចំណែកការលក់នៅអឺរ៉ុបវិញ មានចំនួន ០.២៥លានគ្រឿង កើនឡើង ២១% ធៀបនឹងខែដូចគ្នានៃឆ្នាំ ២០២៤។ បន្ថែមពីនេះ ប្រទេសបារាំងបានធ្លាក់ចុះ ៥២% និងប្រទេសអាល្លឺម៉ង់ បានកើនឡើងការលក់ជាង ៤០%៕