(មេនឆេស្ទើ)៖ កីឡាករប្រដាល់ទម្ងន់ Derek Chisora បានយកឈ្នះ Otto Wallin ដោយពិន្ទុឯកច្ឆន្ទ ទទួលបានកៅអី១ ដើម្បីឡើងទៅប្រជែងខ្សែក្រវាត់ពិភពលោក IBF ដែល Daniel Dubois កំពុងកាន់កាប់។ នេះបើយោងតាមគេហទំព័រកីឡា BBC ចេញផ្សាយថ្ងៃចន្ទនេះ។
នេះជាលើកទី១៣ សម្រាប់ Chisora ដែលទទួលបានពិន្ទុឈ្នះដាច់ដោយឯកច្ឆន្ទ ក្នុងអាជីពប្រដាល់សកលតាំងពីឆ្នាំ២០០៧ មក ពីសំណាក់ចៅក្រមទាំង ៣នាក់បានដាក់ពិន្ទុ ១១៧-១០៩ ១១៤-១១២ និង ១១៦-១១០។ វាក៏ជាជ័យជម្នះលើកទី៣៦ ក្នុងចំណោមប្រកួតសរុប ៤៩លើកទៀតផង។
ក្នុងការប្រកួតដែលត្រូវបានធ្វើឡើងនៅសង្វៀន Co-op Live Arena ស្ថិតនៅទីក្រុង Manchester ប្រទេសអង់គ្លេសនោះ Chisora បានវាយ Wallin ឱ្យដួលអុកគូថចំនួន ២ដងផងដែរ ក្នុងចំណោមប្រកួត ១២ទឹកពេញ (៣នាទី/ទឹក)។
តាមរយៈជ័យជម្នះនេះដែរ Chisora នឹងត្រូវប្រឈមទល់នឹង Joseph Parker ឬក៏ម្ចាស់ខ្សែក្រវាត់ IBF គឺ Daniel Dubois នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ៕