(ម៉ាឌ្រីដ)៖ ក្រុមអធិរាជស Real Madrid បានអមដំណើរជាមួយ Atletico Madrid ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទី២ អេស្ប៉ាញ Copa del Rey 2024-25 ដែលបានយកឈ្នះគូប្រជែង Leganes ៣-២ យប់មិញ។
កីឡាករវ័យ ២០ឆ្នាំ Gonzalo Garcia ដែលត្រូវបានកោះហៅពី Real Madrid B ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី៩០+៣ ដ្បិតកីឡាករយុវជនរូបនេះរកបាន ១៩គ្រាប់មកហើយ ក្នុងចំណោម ២១ប្រកួតនៃឈុតកម្រិតទី៣ របស់ Real Madrid រដូវកាលនេះ។
ក្នុងប្រកួតនោះដែរ ក្រុមរបស់លោក Carlo Ancelotti ប្រៀបដូចគ្រប់គ្រងការប្រកួតទាំងស្រុង និងនាំមុខ ២គ្រាប់ទៅហើយ ក្នុងរយៈពេល ២៥នាទីដំបូង។ Luka Modric វ័យ ៣៩ឆ្នាំ នៅតែបង្កើនកំណត់ត្រាក្នុងនាមកីឡាករចាស់ជាងគេរកបានគ្រាប់បាល់ទី១ មុនពេលយុវជនប្រេស៊ីល Endrick ធ្វើបានសម្រេចគ្រាប់ទី២។
ក៏ប៉ុន្តែ Juan Cruz ជាអ្នករកបានទាំង ២គ្រាប់តាមស្មើសម្រាប់ Leganes គ្រាដែលគ្រាប់ទី១ កើតឡើងដោយបាល់ ១១ម៉ែត្រ មុនពេល Garcia ដែលត្រូវដាក់ចូលលេងនៅខ្វះ ៨នាទីដល់ម៉ោងបញ្ចប់ធ្វើបានសម្រេចគ្រាប់ទី៣ ឱ្យ Real Madrid ក្នុងឡើងទៅវគ្គ ៤ក្រុមជាមួយ Atletico ដែលបានទម្លាក់ Getafe ៥-០៕