(បរទេស)៖ ថ្មីៗនេះ ក្រុមហ៊ុន Apple បានចាប់ផ្តើមផ្តល់ជូននូវម៉ូដែល iPhone 15 Pro និង iPhone 15 Pro Max ដែលបានជួសជុលឡើងវិញ ឬហៅថា (refurbished) នៅក្នុងបណ្តាប្រទេសអឺរ៉ុបមួយចំនួន រួមមានប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញ។ សម្រាប់ប្រិយមិត្តគាំទ្រផលិតផល Apple ទាំងអស់គឺប្រាកដជាបានជ្រាបរួចមកហើយថា រាល់ការចេញ iPhone ជំនាន់ថ្មី ជាពិសេសត្រកូល iPhone 16 ក្រុមហ៊ុនខ្នាតយក្សនេះនឹងឈប់ចេញលក់​ត្រកូល iPhone 15 ថ្មីប្រអប់ទៀតហើយ ខណៈនេះគឺជាលើកទី១ ដែលម៉ូដែលទាំងនេះត្រូវបានរាយការណ៍ថា អាចរកបានក្នុងប្រភេទ refurbished ចាប់តាំងពីការចេញលក់នៅឆ្នាំ២០២៣។​ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។​

របាយការណ៍បានលម្អិតថា សម្រាប់ iPhone ប្រភេទ refurbished ត្រូវបានលក់ក្នុងតម្លៃបញ្ចុះតម្លៃ ១៥% បើប្រៀបធៀបទៅនឹងម៉ាកយីហោថ្មីរបស់ពួកគេ។ ជាឧទាហរណ៍សម្រាប់ iPhone 15 Pro ទំហំ 128GB នៅក្នុងប្រទេសអាឡឺម៉ង់មានតម្លៃ ៩២៩អឺរ៉ូ (ប្រហែល ៩៤៩ដុល្លារ), នៅអេស្ប៉ាញមានតម្លៃ ៩៤៩អឺរ៉ូ (ប្រហែល ៩៧០ដុល្លារ)​ និងនៅអ៊ីតាលីមានតម្លៃ ៩៦៩អឺរ៉ូ (ប្រហែល ៩៩០ដុល្លារ)។ ដោយឡែកសម្រាប់ទំហំ 256GB មានតម្លៃប្រហែល ១,០៦១ដុល្លារ ក្នុងប្រទេសអាឡឺម៉ង, ១,០៨១ដុល្លារ នៅអេស្ប៉ាញ និង ១,១០២ដុល្លារ នៅអ៊ីតាលី។ ខណៈដែលទំហំ 512GB មានតម្លៃ ១,២៨៦ដុល្លារ, ១,២៩៦ដុល្លារ និង ១,៣១៦ដុល្លារ រៀងគ្នា។ តែសម្រាប់ប្រទេសបារាំងនៅមិនទាន់មាន iPhone 15 Pro នៅឡើយនោះទេ។

យ៉ាងណាសម្រាប់តម្លៃ iPhone 15 Pro Max គឺទទួលបានការបញ្ចុះតម្លៃ ១៥%​ដូចគ្នា។

គួរជម្រាបថា សម្រាប់ iPhone ម៉ូដែល refurbished ទាំងអស់សុទ្ធតែមានការធានារយៈពេលមួយឆ្នាំពីរ Apple តាមរយៈ AppleCare+ មិនមែនជាទូរស័ព្ទ Fake នោះទេ ដោយដំណើរការជួសជុលឡើងវិញនៃម៉ូដែលនេះរួមមាន ត្រូវបានដោះសោ (Unlocked), អាចប្រើបានជាមួយក្រុមហ៊ុនដឹកជញ្ជូនណាមួយ, ប្តូរថ្មថ្មី, ប្តូរសំបកខាងក្រៅថ្មី និងប្តូរពីខ្សែសាក​ USB-C ទៅ USB-C cable។ យ៉ាងណាមិញម៉ូដែលទាំងនេះ ឆ្លងកាត់ការធ្វើតេស្តយ៉ាងម៉ត់ចត់ និងដំណើរការជួសជុលឡើងវិញ ដើម្បីធានាថាពួកវាមានមុខងារពេញលេញ និងបំពេញតាមស្តង់ដារគុណភាពរបស់ Apple។ ដូច្នេះសម្រាប់អ្នកប្រើប្រាស់ទាំងអស់យល់យ៉ាងណាដែល សម្រាប់ម៉ូដែល refurbished នេះ ខណៈនៅប្រទេសកម្ពុជាយើងក៏ឃើញមានអ្នកប្រើប្រាស់ជាច្រើនវែកញែកអំពីរឿងនេះផងដែរ៕