(បរទេស)៖ ថ្មីៗនេះអ្នកវិភាគដ៏ល្បីរបស់ Apple លោក Ming-Chi Kuo បានចែករំលែកថា ម៉ូដែល iPhone 17 Air ជំនាន់ថ្មីដែលរំពឹងថា នឹងចេញលក់នៅចុងឆ្នាំនេះនឹងមានរូបរាងឌីហ្សាញស្តើងបំផុតមិនធ្លាប់មាន ជាមួយនឹងកម្រាស់ត្រឹមតែ ៥.៥មីលីម៉ែត្រប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយ 9To5Mac។
គ្រាន់តែឈានចូលឆ្នាំថ្មីភ្លាម មានរបាយការណ៍ជាច្រើនបានចុះផ្សាយអំពី iPhone ជំនាន់ថ្មី ពោលគឺត្រកូល iPhone 17 ដែលត្រៀមនឹងបង្ហាញខ្លួននៅលើទីផ្សារនៅក្នុងខែកញ្ញា ចុងឆ្នាំនេះ។ ដោយឡែកនៅក្នុងរបាយការណ៍នេះ គឺនិយាយអំពី iPhone 17 Air។ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា Apple មានគម្រោងប្តូរ iPhone 17 Plus ទៅជា iPhone 17 Air ប៉ុន្តែតម្លៃវិញអាចថាថ្លៃជាងមុនគួរសម។
ទន្ទឹមនឹងនេះ មានរបាយការណ៍ជាច្រើនបាននិយាយអំពីរូបរាងរបស់ iPhone 17 Air ដោយរបាយការណ៍ខ្លះបានលើកឡើងថា ម៉ូដែលនេះនឹងមានកម្រាស់ ៦.២៥មីលីម៉ែត្រ។ បើទោះជាកម្រាស់ប៉ុណ្ណឹងក៏ពិតមែន ប៉ុន្តែវានៅតែស្តើងខ្លាំងផងដែលបើធៀបនឹងកម្រាស់ iPhone 6 ជំនាន់មុនដែលមានកម្រាស់ប្រមាណ ៦.៩មីលីម៉ែត្រ។ តែយ៉ាងណា លោក Ming-Chi Kou បានបង្ហោះសារនៅថ្ងៃទី១០ ខែមករា នេះថា «iPhone 17 Air ដែលនឹងមកដល់របស់ Apple នឹងស្តើងជាងអ្វីដែលយើងធ្លាប់បានរំពឹងទុក»។ លោកបានបញ្ជាក់ថា «វានឹងមានកម្រាស់ស្តើងបំផុតត្រឹមតែ ៥.៥មីលីម៉ែត្រ» ប៉ុណ្ណោះ។ ខណៈកម្រាស់នេះត្រូវបានគេមើលឃើញថា វាស្រដៀងនឹងត្រកូល M4 iPad Pro ដោយក្នុងនោះ iPad Pro ទំហំ ១១អ៊ីញ មានកម្រាស់ ៥.៣មីលីម៉ែត្រ និង iPad Pro ទំហំ ១៣អ៊ីញវិញ មានកម្រាស់ស្តើងបំផុត ៥.១អ៊ីញ។
តែយ៉ាងណា អ្វីដែលគេបារម្មណ៍នោះគឺ កន្លែងដាក់កាមេរ៉ាព្រោះការឌីហ្សាញរូបរាងស្តើងបំផុតនេះអាចប៉ះទង្គិចដល់ទីតាំងកាមេរ៉ាខ្លាំងជាងគេ។
គួរជម្រាបថា លោក Kuo ក៏បានកត់សម្គាល់ផងដែរថា iPhone 17 Air ដែលជាឧបករណ៍ស្តើងបំផុតនេះនឹងមិនមែនកន្លែងដាក់ស៊ីមនោះទេ មានន័យថាម៉ូដែលនេះនឹងប្រើ eSIM សុទ្ធតែម្តង៕