(បរទេស)៖ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់តៃវ៉ាន់បានចេញការព្រមានមួយទាក់ទងនឹងការកាត់បន្ថយថវិកាដ៏សំខាន់ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការផ្តល់មូលនិធិសម្រាប់វិស័យសំខាន់ៗ ជាពិសេសផលិតផលពាក់កណ្តាលសម្រេច semiconductor, បញ្ញាសិប្បនិមិត្ត (AI) និងលំហអាកាស។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីគណបក្សប្រឆាំងបានអនុម័តច្បាប់ដែលតម្រូវឱ្យកាត់បន្ថយការចំណាយផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យារហូតដល់ ២០ពាន់លានតៃវ៉ាន់ (ប្រហែល ៦០៩.១១លានដុល្លារ)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កាលពីសប្តាហ៍មុន គណបក្សប្រឆាំងរបស់តៃវ៉ាន់ ដែលមានសំឡេងភាគច្រើននៅក្នុងសភា បានអនុម័តច្បាប់ដើម្បីបង្វែរការចំណាយពីរដ្ឋាភិបាលទៅកាន់ក្រុងក្នុងតំបន់ ដែលជាវិធានការមួយដែលត្រូវបានជំទាស់យ៉ាងខ្លាំងដោយគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាច និងបាតុកររាប់ពាន់នាក់។
យ៉ាងណាមិញការប៉ាន់ប្រមាណខាងលើនេះ ក៏ត្រូវបានគេដឹងថា បានកើតឡើងក្រោយក្រសួងកិច្ចការសេដ្ឋកិច្ចតៃវ៉ាន់កាលពីថ្ងៃអង្គារសប្តាហ៍មុនបានព្រមានថា ការសហការរបស់ប្រទេសនេះជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Micron, AMD និង Nvidia អាចរងផលប៉ះពាល់ ហើយថាថវិកាអនាគតមិនគ្រប់គ្រាន់នឹងប៉ះពាល់ដល់ភាពជាដៃគូបច្ចេកវិទ្យា AI អន្តរជាតិរបស់តៃវ៉ាន់។ ការចំណាយរបស់ក្រសួងសេដ្ឋកិច្ចសម្រាប់ឆ្នាំក្រោយ ពោលគឺឆ្នាំ២០២៥ បានព្យាករណ៍ថានឹងកាត់បន្ថយប្រមាណ ២៩.៧ពាន់លានតៃវ៉ាន់ (ប្រហែល ៩៧០លានដុល្លារ) ដោយក្នុងនោះមានប្រហែល ១១.៦ពាន់លានតៃវ៉ាន់ត្រូវបានបម្រុងទុកសម្រាប់ការកាត់បន្ថយគម្រោងបច្ចេកវិទ្យា។
គួរជម្រាបថា ក្រុមហ៊ុនផលិតបន្ទះឈីប Micron គឺជាអ្នកវិនិយោគផ្ទាល់ពីបរទេសដ៏ធំបំផុតរបស់តៃវ៉ាន់។ បន្ថែមពីនេះ Micron, AMD និង Nvidia បានដាក់ពាក្យសុំគម្រោងសហការបច្ចេកវិទ្យាជាមួយរដ្ឋាភិបាលតៃវ៉ាន់ ដោយមានការគាំទ្រផ្នែកថិវិកាពីរដ្ឋាភិបាល។ ប៉ុន្តែគិតត្រឹមការព្រមានចុងក្រោយនេះ គេមិនអាចសន្និដ្ឋានបាននោះទេ ថាតើការវិនិយោគនេះនឹងទៅជាយ៉ាងណានោះ៕