(ភ្នំពេញ)៖ ឥឡូវនេះ សម្រាប់លោកអ្នកដែលជាវិនិយោគិន អាចប្រើប្រាស់អេប អេស៊ីទាន់ចិត្ត ដើម្បីចុះឈ្មោះ និងទូទាត់ថ្លៃសេវាចុះបញ្ជីតាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគ (QIP/cdcIPM) របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានកាន់តែងាយស្រួល និងមានសុវត្ថិភាពខ្ពស់។

ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) គឺជាប្រព័ន្ធបច្ចេកវិទ្យាឌីជីថលថ្មីមួយ ដែលបាន​រៀបចំឡើង ដើម្បីផ្តល់លទ្ធភាពឱ្យវិនិយោគិន ដាក់ពាក្យដោយផ្ទាល់ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា សម្រួលកិច្ចវិនិយោគ ឱ្យកាន់តែមាន​ភាពងាយស្រួល កាត់បន្ថយពេលវេលា ធានាបាននូវតម្លាភាព សុក្រឹតភាព និងប្រសិទ្ធភាព ព្រមទាំងចូលរួមកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល និងរដ្ឋាភិបាល​ឌីជីថល​នៅកម្ពុជា។

តាមរយៈ អេស៊ីទាន់ចិត្ត លោកអ្នកអាចស្វែងរក​ការចុះឈ្មោះ និងទូទាត់ថ្លៃសេវាចុះបញ្ជី​នៅក្នុង​ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា ដោយគ្រាន់តែចូលទៅក្នុង​អេប អេស៊ីទាន់ចិត្ត របស់ធនាគារ​អេស៊ីលីដា ហើយស្វែងរកមុខងារ cdcIPM ដែលមាននៅលើនោះ បន្ទាប់មក លោកអ្នកនឹងបានឃើញ​ពីការណែនាំលម្អិត ​ទាក់ទងនឹងការប្រើប្រាស់កម្មវិធីនេះ នៅលើទូរសព្ទស្មាតហ្វូនរបស់លោកអ្នក។

ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM)​ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤​ ដើម្បីជំរុញឱ្យការចុះបញ្ជីគម្រោងវិនិយោគនៅ​កម្ពុជាកាន់តែលឿន មានសុក្រិត​ភាព និងមានតម្លាភាព បន្ទាប់ពីប្រព័ន្ធនេះ បានដាក់ឱ្យ​ដំណើរការសាកល្បង និងចុះបញ្ជីគម្រោង​វិនិយោគ​ជិត ១០០គម្រោង។

ប្រព័ន្ធ cdcIPM ត្រូវបានថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា នឹងផ្តល់ភាពងាយស្រួល​ដល់អ្នកវិនិយោគ ក្នុងការដាក់​ព័ត៌មានស្នើសុំការវិនិយោគ តាមដានដំណើរការនៃការស្នើសុំ​វិនិយោគគ្រប់ជំហាន៕