(កំពង់ឆ្នាំង)៖ ធនាគារ អេស ប៊ី អាយ លី ហួរ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នេះ បានឧបត្ថម្ភថវិកា និងសម្ភារៈសិក្សាជូនដល់សាលាបឋមសិក្សាសំរឹទ្ធមានជ័យ ដែលស្ថិតនៅក្នុង ភូមិសំរឹទ្ធមានជ័យ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងក្រោមកម្មវិធី «យុទ្ធនាការ ៤.០០០រៀល ដើម្បីស្នាមញញឹមកុមារ» និងបាននាំយកនូវកូនឈើប្រណិតដូចជាដើមធ្នង់ ដើមនាងនួន និងដើមក្រញូង ដើម្បីដាក់ដាំនៅបរិវេណសាលាបឋមសិក្សាសំរឹទ្ធមានជ័យ។
ដើម្បីចែករំលែកក្តីស្រឡាញ់ និងជួយលើកទឹកចិត្តដល់កុមារដែលកំពុងខ្វះខាតក្នុងការសិក្សា ធនាគារ អេស ប៊ី អាយ លី ហួរ រួមជាមួយបុគ្គលិក និងថ្នាក់ដឹកនាំ បានឧបត្ថម្ភជាសម្ភារៈសិក្សាដល់សិស្សានុសិស្សសរុប៣០០នាក់ រួមជាមួយកាដូបន្តិចបន្តួច ដល់អាណាព្យាបាលសិស្សសរុបជាង៣០០នាក់ ក្នុងន័យលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងចិញ្ចឹមបីបាច់កូនៗគ្រប់រូបឲ្យបានសិក្សា និងជូនថវិកាលើកទឹកចិត្តមួយចំនួនដល់ លោកគ្រូ អ្នកគ្រូ សម្រាប់ជាការថ្លែងអំណរគុណ ចំពោះការបង្រៀន អប់រំសិស្សានុសិស្សទាំងអស់ដែលបានបញ្ចប់ និងកំពុងសិក្សានៅសាលាបឋមសិក្សាសំរឹទ្ធមានជ័យ។
កម្មវិធី «យុទ្ធនាការ ៤.០០០រៀល ដើម្បីស្នាមញញឹមកុមារ» ដែលផ្តួចផ្តើមឡើងដោយគណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ ជាន់ថ្នាក់របស់ធនាគារ អេស ប៊ី អាយ លី ហួរ គឺជាយុទ្ធនាការចូលរួមចំណែកជំនួយមួយផ្នែកក្នុងការលើកកម្ពស់ វិស័យអប់រំក្នុងសង្គមសព្វថ្ងៃ។ បន្ថែមពីសាមគ្គីភាពរបស់បុគ្គលិកទាំងអស់ក្នុងការជួយដល់ការសិក្សា កុមារនៅក្នុងសាលាបឋម សិក្សានេះ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ក៏បានផ្តល់ជូនកុំព្យូទ័រ ម៉ាស៊ីនបោះពុម្ភ ក្រដាសរ៉ាម ប៊ិច សៀវភៅសរសេរ សម្រាប់ប្រើប្រាស់នៅសាលារៀន ដែលជួយសម្រួលដល់ការងាររដ្ឋបាល និងការរៀបចំកិច្ចតែងការបង្រៀនរបស់លោកគ្រូ អ្នកគ្រូផងដែរ។ លើសពីការលើកកម្ពស់ដល់វិស័យអបរំ កូនឈើប្រណិតដូចជាដើមធ្នង់ ដើមនាងនួន និងដើមក្រញូង ត្រូវបាននាំយកមកដាក់ដាំដោយតំណាងបុគ្គលិកធនាគារ អេស ប៊ី អាយ លី ហួរ លោកគ្រូ អ្នកគ្រូ អាជ្ញាធរដែនដី មាតាបិតាអាណាព្យាបាល និងសិស្សានុសិស្ស នៅបរិវេណសាលាបឋមសិក្សាសំរឹទ្ធមានជ័យ ដើម្បីជម្រុញបរិយាកាសអំណោយផលប្រកបដោយធម្មជាតិបៃតងកាន់តែស្រស់បំព្រង។
សូមបញ្ជាក់ថា ពិធីដាំកូនឈើប្រណិតនេះ ត្រូវធ្វើឡើងរួមគ្នានឹងកម្មវិធីសប្បុរសធម៌ ក្នុងគោលបំណងបំផុសចលនា និងស្មារតីរបស់កុមារ និងប្រជាពលរដ្ឋក្នុងការដាំដើមឈើ ដើម្បីចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេសដើម្បីបណ្តុះគំនិតថែរក្សា ការពារ អភិរក្ស គំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិរបស់ប្រទេសយើង។
លោក ជា ផល្លារិន អគ្គនាយកធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានលើកឡើងថា «ការទទួលបានការអប់រំពេញលេញ គឺជាមូលដ្ឋានដ៏រឹងមាំក្នុងការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចជាតិសម្រាប់ប្រទេសជាតិទាំងមូល ដូច្នេះហើយធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ក៏បានដើរតួនាទីសំខាន់ក្នុងការចូលរួមចំណែកលើកស្ទួយ ជម្រុញ និងគាំទ្រដល់វិស័យអប់រំ សម្រាប់ប្រទេសកម្ពុជានាថ្ងៃអនាគត ហើយធនាគារក៏ចង់បណ្តុះផ្នត់គំនិតកុមារ និងប្រជាពលរដ្ឋទូទៅឲ្យបន្តស្រលាញ់ការពារ ដាំដុះបន្ថែមព្រៃឈើ និងបរិស្ថានធម្មជាតិ ដែលជាគម្របបែតងរបស់ផែនដី»។
នេះបញ្ជាក់យ៉ាងច្បាស់ថា ទោះក្នុងកាលៈទេសៈដ៏លំបាកនាពេលបច្ចុប្បន្នក៏ដោយ ធនាគារ អេស ប៊ី អាយ លី ហួរ នៅតែយកចិត្តទុកដាក់ដល់សហគមន៍ ដែលខ្លួនកំពុងប្រកបអាជីវកម្ម ជាមួយនឹងកម្មវិធីសង្គមជាច្រើនដើម្បីការរីកចម្រើនក្នុងប្រទេសកម្ពុជា។ ធនាគារបាននឹងកំពុងបន្តប្តេជ្ញាចិត្តចំពោះបេសកកម្មរបស់ខ្លួនតាំងពីដើមរៀងមក ក្នុងការរួមចំណែកជួយដល់ជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចកម្ពុជា។ មិនតែប៉ុណ្ណោះ ធនាគារ អេស ប៊ី អាយ លី ហួរ នឹងបន្តស្វែងរកលទ្ធភាព ដើម្បីជួយដល់សហគមន៍នៅក្នុងតំបន់ដាច់ស្រយាលដែលកំពុងជួបការលំបាក។
សូមបញ្ជាក់ផងដែរថា ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានបើកបម្រើសេវាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីហួរ នៅឆ្នាំ២០១២ ហើយបានប្រែក្លាយខ្លួនទៅជាធនាគារពាណិជ្ជ ក្រោយទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមវិនិយោគពីដៃគូរជាយុទ្ធសាស្រ្តរវាង លោកអ្នកឧកញ៉ា លី ហួរ និង ក្រុមហ៊ុនជប៉ុនដ៏ធំ SBI Holdings, Inc.។
បច្ចុប្បន្ននេះ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក មានបណ្តាញសាខាប្រតិបត្តិការទូទាំង២៥ខេត្ត និងរាជធានី ក្នុងប្រទេសកម្ពុជា ដែលមានទ្រព្យសកម្មជាង ១,០០០លានដុល្លារអាមេរិក មានសាខាសរុបចំនួន ៤៩ទីតាំង និងមានម៉ាស៊ីនដកប្រាក់/ដាក់ប្រាក់ (ATM/CDM) សរុបជាង៣០ ដែលបានដាក់ដំណើរការនៅទីតាំងសក្តានុពលផ្សេងៗគ្នា។ ទន្ទឹមនឹងនេះផងដែរ ធនាគារក៏កំពុងពង្រីកបណ្តាញសាខា និងដាក់បន្ថែមម៉ាស៊ីនដកប្រាក់/ដាក់ប្រាក់ (ATM/CDM) សេវាផ្ទេរប្រាក់ទៅក្នុងនិងក្រៅស្រុក និងប្រព័ន្ធធនាគារចល័តឌីជីថល ដើម្បីពង្រីកវិសាលភាពប្រតិបត្តិការធនាគារ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជនឲ្យកាន់តែល្អប្រសើរឡើង និងទៅតាមតម្រូវការរបស់អតិថិជន៕