(ភ្នំពេញ)៖ អតីតកីឡាករជម្រើសជាតិកម្ពុជា ច្រឹង ពលរដ្ឋ ត្រូវបានប្រកាសចែកផ្លូវជាមួយក្លិបភ្នំពេញក្រោន ហើយ ដ្បិតមិនទាន់បានបង្ហាញខ្លួន សូម្បី ១ប្រកួតឡើយ ដោយសារបញ្ហារបួសជង្គង់រ៉ាំរ៉ៃ ។ ការចែកផ្លូវគ្នានេះ បានធ្វើឲ្យអ្នកគាំទ្រ ពិសេសថ្នាក់ដឹកនាំក្រុមសិង្ហក្រហម មានការសោកស្ដាយ ដ្បិតរបួស ពលរដ្ឋ ពិបាកត្រឡប់ចូលទីលានវិញ។
ច្រឹង ពលរដ្ឋ ត្រូវបានប្រកាសនាំចូលត្រៀមរដូវកាលថ្មី ឆ្នាំ២០២៤/២៥ ជាមួយភ្នំពេញក្រោន កាលពីថ្ងៃទី០៨ ខែកក្កដា ក្រោយចាកចេញពីវិសាខា រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ម្សិលមិញ ពោលគឺក្រោយរួមរស់ជាមួយគ្នាបានប្រមាណ ១៧៥ថ្ងៃ អតីតក្រុមជើងឯកលីគកំពូលកម្ពុជា ៨សម័យ ក៏បានប្រកាសចែកផ្លូវជាមួយរូបគេវិញ ក្រោមមូលហេតុរបួសរ៉ាំរ៉ៃជាចម្បង។
ក្រោយការប្រកាសភ្លាមៗ ខ្សែបម្រើវ័យ ២៧ឆ្នាំខាងលើ បានបញ្ជាក់ថា «នេះជាការសម្រេចចិត្តដ៏ពិបាកបំផុតក្នុងជីវិតបាល់ទាត់របស់ខ្ញុំ គឺខ្ញុំបានសម្រេចចិត្តចែកផ្លូវគ្នាជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោនជាផ្លូវការ ដោយសារតែបញ្ហារាំរ៉ៃនៃរបស់ជង្គង់របស់ខ្ញុំ។ ខ្ញុំកំពុងតែសំរាកព្យាបាល ហើយខ្ញុំ នឹងត្រលប់មកវិញនៅពេលអ្វីៗប្រសើរឡើង»។
ដំណាលគ្នាលោក កែវ សុខង៉ន អ្នកចាត់ការទូទៅក្រុមភ្នំពេញក្រោន បានសម្ដែងការសោកស្ដាយផងដែរ ដោយលោកបានលើកឡើងថា «គ្រប់យ៉ាងត្រូវការពេល។ ពលរដ្ឋ ជាក្មេងល្អ សោកស្ដាយរបួសធ្វើអោយគាត់ ពិបាកក្នុងការត្រលប់មកទីលានវិញ នេះហើយជាបាល់ទាត់។ បងជូនពរប្អូនជោគជ័យទៅថ្ងៃមុខទៀត»។
គួរដឹងថា កំឡុងឆ្នាំ២០១៩ បន្ទាប់ពីការបង្ហាញខ្លួនយ៉ាងល្អ ជាមួយក្រុមកងយោធពលខេមរភូមិន្ទ និងក្រុមជម្រើសជាតិកម្ពុជា ច្រឹង ពលរដ្ឋ ត្រូវបានក្លិប Buriram United ខ្ចីជើង ២រដូវកាល តែដោយសារបញ្ហារបួស បន្ទាប់ពីហ្វឹកហាត់បានប្រមាណ ១សប្ដាហ៍ ក៏ត្រូវក្លិបលីគកំពូលថៃនេះ ប្រកាសផ្ដាច់កុងត្រាខ្ចីជើងវិញ ដែលនាំឲ្យរូបគេខកខានប្រកបអាជីពក្រៅប្រទេសលើកដំបូង និងត្រឡប់មកទ្រនំចាស់វិញ មុនផ្ទេរទៅលេងឲ្យវិសាខា នៅឆ្នាំ២០២០-២០២៤ មុនផ្ទេរមកកាន់ភ្នំពេញក្រោន នាពេលកន្លងទៅ៕