(ភ្នំពេញ)៖ លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាប្រចាំការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លើកឡើងថា ការយល់ដឹងពីគុណតម្លៃអូឡាំពិក និងការលេងកីឡារបស់យុវជន ក៏ដូចជាមហាជន គឺមានការកើនឡើងច្រើន បើធៀបកាលពីឆ្នាំមុនៗ ពិសេសក្រោយភាពជោគជ័យដ៏ត្រចះត្រចង់ នៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។
ការគូសបញ្ជាក់នេះ បន្ទាប់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបិទបញ្ចប់យុទ្ធនាកាកម្មវិធីអប់រំ និងផ្សព្វផ្សាយគុណតម្លៃអូឡាំពិក ឆ្នាំ២០២៤ ដោយជោគជ័យ ដ្បិតកម្មវិធីចុងក្រោយរបស់ខ្លួន បានរៀបចំនៅអនុវិទ្យាល័យ ឆាយឆុប នាក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីចុងសប្ដាហ៍កន្លងទៅ ដោយមានសិស្សានុសិស្សប្រមាណជិត ២០០នាក់ចូលរួម ។
គ្រូឧទ្ទេសប្រចាំកម្មវិធីដដែលបន្ដថា ឆ្លងកាត់ការរៀបចំកម្មវិធីអប់រំ និងផ្សព្វផ្សាយគុណតម្លៃអូឡាំពិក ចំនួន ៧លើក ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាលខេត្ត រួមមានខេត្តកែប ខេត្តកំពត និងខេត្តកំពង់ស្ពឺ លោកសង្កេតឃើញសិស្សានុសិស្ស និងយុវជន មានការយល់ដឹង និងចូលរួមយ៉ាងផុសផុស ពិសេសការចូលរួមសកម្មភាពកីឡានានា ទាំងយុវជន និងមហាជន ។
លោកបន្ដថា «តាមរយៈកម្មវិធីផ្សព្វផ្សាយនេះ យើងសង្កេតឃើញថា សិស្សានុសិស្សបានទទួលព័ត៌មាន និងជ្រូតជ្រាបអំពីគុណតម្លៃអូឡាំពិក បានប្រសើរជាងឆ្នាំមុនៗ ពិសេសការចូលរួមរបស់សិស្សានុសិស្សជាមួយសកម្មភាពកីឡា ក៏មានសកម្មភាពយ៉ាងផុលផុល ។ បើធៀបទៅនឹងការរៀបចំឆ្នាំមុន ពិសេសក្រោយពីជោគជ័យនៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ យើងសង្កេតឃើញថា សន្ទុះនៃការគាំទ្រ និងការចូលរួមលេងកីឡារបស់យុវជន ក៏ដូចជាមហាជន ក៏មានកើនឡើងខុសប្លែកកាលពីមុនស៊ីហ្គេមផងដែរ» ។
ទន្ទឹមជាមួយភាពជោគជ័យខាងលើនេះដែរ ដើម្បីបំផុសចលនាអូឡាំពិក និងសកម្មភាពកីឡា ស្របតាមយុទ្ធនាការប្រជាពលរដ្ឋម្នាក់ ត្រូវចេះលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត NOCC នឹងបន្ដរៀបចំកម្មវិធីនេះ ព្រមទាំងកម្មវិធីជាច្រើនទៀត នាឆ្នាំក្រោយៗ ពិសេសគឺដើម្បីចូលរួមផ្សព្វផ្សាយនូវយុទ្ធនាការឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៤ ឆ្នាំ២០២៩ ដូចការផ្សារភ្ជាប់យុទ្ធនារការផ្សព្វផ្សាយពីស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលធ្លាប់ទទួលបានជោគជ័យ នាពេលកន្លងទៅផងដែរ ៕