(ឡុងដ៍)៖ គ្រូបង្វឹកកាំភ្លើងធំ Arsenal លោក Mikel Arteta បានថ្លែងថា កូនក្រុមរបស់លោក Bukayo Saka នឹងអវត្តមានចាប់ពី ២ខែឡើងទៅផងដែរ ក្រោយពេលវះកាត់សរសៃពួររួចរាល់។

ខ្សែប្រយុទ្ធក្នុងក្រុមជម្រើសជាតិតោកំណាចអង់គ្លេសរូបនេះ ទើបស៊ុតបាន ៩គ្រាប់គ្រប់កម្មវិធីសម្រាប់ Arsenal នារដូវកាលនេះ មុនពេលជួបបញ្ហារបួសសរសៃពួរជាទម្ងន់ ដែលឈានដល់ការវះកាត់កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នៅពេលរួមចំណែកជួយ Arsenal បំបាក់គូប្រជែង Crystal Palace ៥-១ ក្នុងលីគ Premier League កាលសប្តាហ៍ទី១៧ ជើងទី១ របស់ពួកគេ។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Arteta បានថ្លែងថា «គាត់ត្រូវការពេលសម្រាកបន្ថែមទៀត។ គ្រប់យ៉ាងដំណើរការទៅដោយរលូន ក៏ប៉ុន្តែសំណាងមិនល្អ យើងត្រូវបាត់បង់រូបគាត់ជាច្រើនសប្តាហ៍ ចាប់ពី ២ខែឡើងទៅ ដោយខ្ញុំមិនអាចកំណត់ពេលវេលាជាក់លាក់ក្នុងការវិលត្រឡប់បានឡើយ»

Arsenal បានកំពុងបង្ហាញភាពខ្លាំងក្នុងរដូវកាលទី៣ ស្ថិតក្រោមការបង្វឹកដោយលោក Arteta តាមរយៈឡើងទៅឈរនៅលេខរៀងទី២ ក្នុងលីគជាបណ្តោះអាសន្ន ដែលពួកគេត្រូវធ្វើដំណើរទៅប៉ះម្ចាស់ផ្ទះ Brentford សម្រាប់ឆ្នាំថ្មីរបស់ពួកគេ ដើម្បីលេងបញ្ចប់ជើងទី១ នាសប្តាហ៍ក្រោយ៕