(ភ្នំពេញ)៖ អបអរសាទ​តារាចម្រៀង ខេមរៈ សិរីមន្ត ទទួលបានពានលំដាប់ថ្នាក់ពិភពលោកពី International University Of Morality នៅ Florida ទឹកដីអាមេរិក។ ការទទួលបានពាននេះ គឺជាមោនភាពសម្រាប់កម្ពុជាយើង។

នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នេះ តារាចម្រៀង ខេមរៈ សិរីមន្ត បានប្រាប់ Fresh News Plus ថាលោកបានទទួលពាន Top Star International ពីកម្មវិធីលំដាប់ថ្នាក់ពិភពលោក International University Of Morality នៅ Florida ទឹកដីអាមេរិក។ ដែលកម្មវិធីនេះរៀបចំឡើងដោយស្ថាប័នអន្តរជាតិនៅប្រទេសថៃ។

តារាចម្រៀង ខេមរៈ សិរីមន្ត ទទួលបានពានលំដាប់ថ្នាក់ពិភពលោកនេះស្របពេលដែលបទចម្រៀង Call Me Papa មានអ្នកទស្សនាជាង ២០០០លានដងជុំវិញពិភពលោក។ ជាមួយនឹងមោទនភាពនេះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានបង្ហាញនូវក្តីរំភើប និងអរគុណទៅដល់មហាជន និងអ្នកគាំទ្ររបស់ខ្លួន ដែលតែងតែចូលរួមគាំទ្ររាល់ស្នាដៃរបស់លោក និងធ្វើឱ្យលោកមានកេរ្តិ័ឈ្មោះល្បីល្បាញដូចសព្វថ្ងៃនេះ។

គួរបញ្ជាក់ផងដែរថា តារាចម្រៀង ខេមរៈសិរីមន្ត បានឈរនៅលំដាប់កំពូលតារាចម្រៀងរបស់ប្រទេសកម្ពុជាអស់រយៈពេលជាង ២០ឆ្នាំ ខណៈបទចម្រៀងរបស់លោកតែងតែសណ្ដំលួងលោមនឹងនាំការសប្បាយដល់ប្រជាជនកម្ពុជារាប់ពាន់បទធ្វើឲ្យប្រជាជនកម្ពុជាស្រឡាញ់ពេញចិត្តសមត្ថភាពរបស់លោក។ លោកគឺជាកូនកសិករក្រីក្រខេត្ត កំពង់ចាម លោកបានខិតខំប្រឹងប្រែងរហូតក្លាយខ្លួនទៅជាកំពូលតារាចម្រៀងនិងក្លាយទៅជាសេដ្ឋីអចលនទ្រព្យរហូតទទួលបានរយៈពេលពីរបីឆ្នាំចុងក្រោយនេះលោកបានផលិតចម្រៀងដើម្បីប្រកួតប្រជែងទៅក្នុងទីផ្សារ។

អន្តរជាតិរហូតទទួលបានពានជាតារាចម្រៀងលំដាប់ថ្នាក់អន្តរជាតិដូចពេលនេះ ស្របពេលបទ Call me papa ទទួលបានអ្នកទស្សនាជាង ២០០០លានដងនៅក្នុងចំនួនអ្នកទស្សនាឆ្នាំចាស់បូកជាមួយនឹងឆ្នាំថ្មី។ ថ្មីៗនេះផងដែរតារាចម្រៀង ខេមរៈ សិរីមន្ត ក៏បានបង្ហើរនូវសូរសៀងបែបស្រុកស្រែមួយបទថ្មីទៀតដែលមានចំណងជើងថា «គេងលើភ្លើង» ដើម្បីអបអរ និងជាកាដូសម្រាប់អ្នកគាំទ្រមុនដាច់ឆ្នាំ២០២៤។ ត្រឹមតែឈុតខ្លីប៉ុណ្ណោះបទចម្រៀងនេះផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់ពុកម៉ែបងប្អូនទាំងអស់៕