(បរទេស)៖ ក្រុមហ៊ុន TikTok ប្រចាំប្រទេសកាណាដា បានដាក់សំណើបន្ទាន់មួយទៅកាន់តុលាការសហព័ន្ធរបស់ប្រទេសនេះ ដើម្បីស្វែងរកការពិនិត្យមើលឡើងវិញ ករណីបញ្ជាឲ្យកម្មវិធីនេះបិទប្រតិបត្តិការនៅក្នុងប្រទេស លើកង្វល់សន្តិសុខជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។
កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលគ្រប់គ្រងដោយចិនមួយនេះ បានស្នើសុំឱ្យតុលាការកាណាដាពិនិត្យឡើងវិញ លើបទបញ្ជារបស់រដ្ឋាភិបាលដែលតម្រូវឱ្យ TikTok បញ្ចប់អាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកាណាដា ខណៈឯកសារបញ្ជារឲ្យបិទដំណើរការនេះ គឺត្រូវបានចុះថ្ងៃទី០៥ ខែធ្នូថ្មីៗនេះ។ កន្លងទៅគេបានដឹងថា ប្រទេសកាណាដា កាលពីឆ្នាំមុនបានចាប់ផ្តើមស៊ើបអង្កេតផែនការរបស់ TikTok ក្នុងការវិនិយោគ និងពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកាណាដា។ ការត្រួតពិនិត្យនេះ បាននាំឱ្យមានបទបញ្ជារបស់រដ្ឋាភិបាលកាលពីខែមុន ដែលតម្រូវឱ្យក្រុមហ៊ុននេះបញ្ចប់ប្រតិបត្តិការនៅប្រទេសកាណាដា ដោយសារតែការព្រួយបារម្ភអំពីសន្តិសុខជាតិ។ ជុំវិញបញ្ហានេះ TikTok បានអះអាងថា ការបិទអាជីវកម្មនៅកាណាដា នឹងនាំឱ្យបាត់បង់ការងាររាប់រយនាក់ ហើយ TikTok បានប្រកែកនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនស្តីពីបញ្ហាប្រឈមផ្នែកច្បាប់។
ក្រុមហ៊ុន TikTok បានប្រកាសយ៉ាងដូច្នេះថា «យើងជឿថា វាជាផលប្រយោជន៍ដ៏ល្អបំផុតរបស់ជនជាតិកាណាដា ក្នុងការស្វែងរកដំណោះស្រាយដ៏មានអត្ថន័យមួយជុំវិញបញ្ហានេះ»។ នៅក្រោមច្បាប់របស់ប្រទេសកាណាដា រដ្ឋាភិបាលអាចវាយតម្លៃហានិភ័យ ដែលអាចកើតមានចំពោះសន្តិសុខជាតិពីការវិនិយោគបរទេស ដូចជាសំណើ TikTok ជាដើម។ ច្បាប់នេះ រារាំងរដ្ឋាភិបាលមិនឱ្យបង្ហាញព័ត៌មានលម្អិតនៃការវិនិយោគឡើយ។
គួរជម្រាបថា TikTok មានអ្នកប្រើប្រាស់ប្រចាំខែច្រើនជាង ១៤លាននាក់នៅក្នុងប្រទេសកាណាដា។ ការបញ្ជាឲ្យបិទ TikTok របស់ប្រទេសកាណាដា បានអនុវត្តតាមសកម្មភាពស្រដៀងគ្នានៅក្នុងសហរដ្ឋអាមេរិកដែលប្រធានាធិបតី Joe Biden កាលពីខែមេសា បានចុះហត្ថលេខាលើច្បាប់ដែលតម្រូវឱ្យក្រុមហ៊ុន Bytedance ម្ចាស់កម្មវិធី TikTok លក់ទ្រព្យសម្បត្តិនៅសហរដ្ឋអាមេរិកត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ឬប្រឈមនឹងការហាមឃាត់ទូទាំងប្រទេស៕