(ភ្នំពេញ)៖ សិស្សានុសិស្សស្រីប្រមាណជាង ១០០នាក់ មកពីអនុវិទ្យាល័យវត្តដំបូកខ្ពស់ និងវិទ្យាល័យឬស្សីកែវ បានចូលរួមកម្មវិធីអប់រំអូឡាំពិក និងកម្មវិធីស្ដ្រី និងកីឡា (Women and Sport) ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យកីឡា ប្រកបដោយភាពសប្បាយរីករាយ ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នេះ នៅសាលកីឡាវាយសី នៃពហុកីឡដ្ឋានជាតិមរតកតេជោ ។
លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សា NOCC បានបញ្ជាក់ថា កម្មវិធីនេះ រៀបចំឡើង ក្រោមជំនួយរបស់ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី(OCA) ខណៈឆ្នាំនេះ បានផ្ដោតលើសិស្សានុសិស្សជាស្ដ្រីសុទ្ធ ក្នុងគោលបំណងជំរុញការអប់រំគុណតម្លៃអូឡាំពិកផង និងលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យកីឡាផង តាមរយៈការជំរុញ និងលើកទឹកចិត្តឲ្យស្រ្ដីចូលរួមក្នុងសកម្មភាពកីឡា ទាំងក្នុងនាមអត្តពលិក មន្ដ្រីបច្ចេកទេស រហូតដល់ថ្នាក់ដឹកនាំជាដើម ។
មន្ដ្រីជំនាញដដែលបន្ដថា «នៅក្នុងចក្ខុវិស័យរបស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី ក៏ដូចជាគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ គឺធ្វើយ៉ាងណាផ្ដល់ឱកាស និងបង្កលទ្ធភាពដល់ស្ដ្រីចូលរួមជាអត្តពលិកឲ្យបានច្រើន និងជាអ្នកដឹកនាំឲ្យបានច្រើន ជាក់ស្ដែងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ បានសម្រេចនូវជោគជ័យថ្មីមួយ ដោយមានចំនួនកីឡាករ និងកីឡាការិនីស្មើគ្នា ពោលគឺជាលើកដំបូងហើយ ដែលមានអត្តពលិកបុរស និងនារី ៥០% ស្មើគ្នា» ។
ក្រឡេកមកចាប់អារម្មណ៍ក្នុងវិស័យកីឡាកម្ពុជាបច្ចុប្បន្នវិញ ក៏មានស្ដ្រីជាច្រើន បានចូលរួមផងដែរ ពិសេសក្រោយមហាជោគជ័យនៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលបានទាក់ទាញយុវជន ក៏ដូចជាយុវតីចូលរួមលេងកីឡាយ៉ាងច្រើន ។ ចំពោះកីឡាកម្រិតខ្ពស់វិញ ក៏មានកីឡាការិនីមានសក្ដានុពលជាច្រើន បានចូលរួមប្រកួត និងដណ្ដើមបានមេដាយលើឆាកអន្ដរជាតិ ជាក់ស្ដែងដូចជាកីឡាការិនី ស៊ន សៀវម៉ី និងលោកស្រី កែ ឡេង ជាដើម ដែលតែងបង្កើតនូវភាពអស្ចារ្យសម្រាប់កម្ពុជា ។
សូមបញ្ជាក់ថា ក្រោយពីធ្វើការចែករំលែកនូវចំណេះដឹងពាក់ព័ន្ធការអប់រំគុណតម្លៃអូឡាំពិក NOCC ក៏រៀបចំឲ្យមានសកម្មភាពលេងកីឡាវាយសី ដោយមានការចូលរួមបង្ហាញនូវបច្ចេកទេសពីកីឡាការិនីវាយសីជម្រើសជាតិកម្ពុជាផងដែរ ដែលស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការប្រជាជនម្នាក់ ត្រូវចេះលេងកីឡាមួយប្រភេទប្រចាំជីវិត ៕