(មេនឆេស្ទើ)៖ គ្រូបង្វឹក Pep Guardiola បាននិយាយថា Manchester City នឹងក្លាយជាក្លិបចុងក្រោយ ដែលលោកដឹកនាំ មុនឈានជើងចូលដឹកនាំក្រុមជម្រើសជាតិជំនួសវិញ។

អតីតគ្រូបង្វឹកក្លិប FC Barcelona និង Bayern Munich រូបនេះ បានឈ្នះពានធំៗចំនួន ១៥ពានជាមួយ City គិតចាប់តាំងពីចូលដឹកនាំកាលឆ្នាំ២០១៦ មក និងមានរយៈពេលយូរជាងក្លិបទាំង ២ខាងលើថែមទៀតផងដែរ។

ថ្លែងទៅកាន់មេចុងភ្លៅល្បីឈ្មោះលើលោក Dani Garcia តាមរយៈ YouTube លោក Pep មិនបានបញ្ជាក់ពីពេលវេលាឈប់ដឹកនាំមេឃខៀវ Man City ឡើយ ក៏ប៉ុន្តែគាត់បានបញ្ជាក់ថា លោកនឹងមិនត្រឡប់ទៅដឹកនាំក្លិបនៅ Premier League ណាមួយ ឬនៅបរទេសផ្សេងពីនេះទៀតទេ។

លោកថា «ខ្ញុំនឹងមិនដឹកនាំក្រុមណាមួយទៀតឡើយ។ ខ្ញុំនឹងពិចារណាពីពេលវេលាដ៏វែងឆ្ងាយទៅអនាគត ក្រោយពេលចាកចេញពី City ពោលគឺទៅដឹកនាំក្រុមជម្រើសជាតិណាមួយ មិនមែនជាក្លិបអាជីពដូចបច្ចុប្បន្ននេះទេ»

គួរបញ្ជាក់ផងថា Pep ដឹកនាំក្រុមការពារជើងឯកលីគ Premier League ឈ្នះតែ ១លើកគត់ ក្រោយពេលបន្តកិច្ចសន្យាថ្មីរួចមក ពោលគឺចាប់តាំងពីយកឈ្នះ Southampton នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ដោយឈ្នះទៅលើ Nottingham Forest មុនពេលលេងស្មើ ២-២ នៅក្នុងផ្ទះរបស់ Crystal Palace នាចុងសប្តាហ៍មុន៕