(បរទេស)៖ ខ្សែប្រយុទ្ធ Mohamed Salah ជាអ្នករកបានគ្រាប់ជ័យជម្នះ ១-០ ទៅលើម្ចាស់ផ្ទះ Girona ដើម្បីជួយហង្សក្រហម Liverpool កក់កៅអីទៅវគ្គ ១៦ក្រុម UEFA Champions League 2024-2025 មុនគេផងដែរ។
១គ្រាប់ជ័យជម្នះនេះដែរ គឺបានកើតឡើងនៅនាទី៦៣ ដោយបាល់ ១១ម៉ែត្រ បានញាំងឱ្យ Liverpool អតីតជើងឯក UCL កាលឆ្នាំ២០១៩ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការឆ្លងផុតវគ្គ ៣៦ក្រុម ដើម្បីឡើងទៅឈរចាំមុនផងដែរនៃវគ្គចាញ់-ធ្លាក់ជាបន្តទៀត ក្រោយពេលរកបាន ៣ពិន្ទុជាលើកទី៦ ជាប់ៗគ្នា។
នេះមានន័យថា ប្រធានក្រុមអេហ្ស៊ីបខាងលើរកបាន ៤៦គ្រាប់ហើយនៅពានអឺរ៉ុប Champions League ពីការរួមចំណែកជួយ Liverpool ស្ថិតក្រោមការបង្វឹករបស់លោក Arne Slot ឈ្នះ ១៦លើក ក្នុងចំណោម ១៨ប្រកួតចុងក្រោយនេះ ដែលស្មើតែ ២លើក ក្រោយពេលចាញ់ Nottingham Forest កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤។
Mohamed Salah ដែលបានផ្ទេរចេញពី Roma មកចូលរួមជាមួយ Liverpool កាលឆ្នាំ២០១៧ រកបាន ១៦គ្រាប់ពីការចូលលេង ២២ប្រកួតគ្រប់កម្មវិធីនារដូវកាលនេះ និងរកបាន ៧គ្រាប់ផងដែរ ក្នុងចំណោម ៦ប្រកួតចុងក្រោយ៕