(ភ្នំពេញ)៖ ថ្មីៗនេះយុវតី ម៉ៅ សាលភាពនែលលី ហៅ Nimo កូនស្រីរបស់ពិធីការិនី គង់ សុជាតិ និងក្រុមរបស់នាង បានចេញទៅប្រកួតប្រជែងនៅប្រទេសកូរ៉េ ក្នុងកម្មវិធី «WCS Seoul Globle Round 2023» តំណាងឲ្យប្រទេសកម្ពុជា ដោយទទួលបានចំណាត់ថ្នាក់លេខ១ ​ក្នុងចំណោមប្រទេសអាស៊ីជាច្រើនប្រទេស។ កញ្ញា ម៉ៅ សាលភាពនែលលី ហៅ​ Nimo ជាកូនស្រីទី២របស់អ្នកនាង គង់ សុជាតិ ត្រូវបានគេដឹងថា ជាសិស្សរៀនពូកែខ្លាំង តែងទទួលបានពានរង្វាន់ ព្រមទាំងមេដាយពីការសិក្សា និងការប្រកួតប្រជែងផ្សេងៗជាច្រើន ទាំងក្នុងនិងក្រៅប្រទេស។

បើតាមការបញ្ជាក់របស់ពិធីការិនីសាច់ចាំ គង់ សុជាតិ បានឲ្យដឹងថា អ្នកនាងពិតជាសប្បាយចិត្តក្រែលែង ដែលមានកូនប្រុសស្រីកត្តញ្ញូ និងដើរតាមគន្លងធម៌បែបនេះ ព្រោះទាំងការសិក្សា និងការងារសិល្បៈ គឺ Nimo ពិតជាពូកែសព្វបែបយ៉ាង និងទទួលលទ្ធផលគួរជាទីមោទនៈ។ អ្វីដែលរឹតតែសមបំណងទៀតនោះ Nimo អាចចាប់យកអាជីពជាអ្នកសិល្បៈបានយ៉ាងល្អ ដោយដើរតាមការបង្ហាត់បង្ហាញពីអ្នកនាង គង់ សុជាតិ និងស្វាមី ដែលមានអាជីពជាពិធីករ-ពិធីការិនី ដែលសំបូរទៅដោយវោហាស័ព្ទ។

ពិតជាមោទនភាព ចំពោះពិធីការិនីចាស់វស្សា អ្នកនាង​ គង់ សុជាតិ ដែលមានអ្នកបន្តវេនយ៉ាងឥតខ្ចោះក្នុងវិស័យសិល្បៈ ដែលអ្នកនាងតែងតែគិតថា​ ប្រហែលជាអ្នកនាងគ្មានអ្នកបន្តវេនឡើយ ខណៈដែលកូនស្រីច្បងរបស់នាង ហាក់បីដូចជាមិនសូវអើពើនឹងសិល្បៈ ដែលគិតតែពីការសិក្សារហូតទទួលបានជោគជ័យយ៉ាងក្រាស់ក្រែល ដែលមិននឹកស្មានដល់។

ផ្ទុយស្រឡះពីការគិតបែបនេះ អ្នកនាង គង់ សុជាតិ បែរជារំភើប និងវត្តមានជាមួយនិងទេពកោសល្យពីធម្មជាតិរបស់កូនស្រី ក្នុងវិស័យសិល្បៈទៅវិញ ជាពិសេសនោះកាលពីពេលថ្មីៗនេះ អ្នកនាងបានបង្ហាញសារ ជាមួយនឹងមោទនភាពរបស់ខ្លួន ដែលមានកូនស្រីដ៏ពូកែបែបនេះថា «មោទនភាពនិងរំភើបចំពោះកូនស្រី ដែលអាចបញ្ចេញនូវស្នាដៃ និងសមត្ថភាពដ៏ប៉ិនប្រសព្វ ក្នុងការងារជាពិធីការិនី ជាភាសាបរទេសក្នុងកម្មវិធីមង្គលដ៏ធំជាមួយនឹងនាងខ្ញុំ ជាម្តាយលើកដំបូងដោយរលូននិងជោគជ័យ»៕