(បន្ទាយមានជ័យ)៖ ធនាគារ ខេប៊ីប្រាសាក់ ប្រកាសដាក់ឱ្យដំណើរការជាបឋមនូវបណ្ណាល័យទី៤៦ របស់ខ្លួននៅសាលាបឋមសិក្សាទឹកជោរ ស្ថិតក្នុងភូមិទឹកជោ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៩ ខែ ធ្នូ ឆ្នាំ២០២៤។ សកម្មភាពនេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងផ្នែកទំនួលខុសត្រូវសង្គមឥតឈប់ឈររបស់ធនាគារក្នុងការបណ្ដុះសេចក្ដីស្រឡាញ់ក្នុងការអានក្នុងចំណោមយុវជនកម្ពុជា និងគាំទ្រដល់ការអភិវឌ្ឍការអប់រំនៅក្នុងសហគមន៍មូលដ្ឋាន។

បណ្ណាល័យដែលទើបកសាងថ្មីនេះ ត្រូវបានបំពាក់ដោយសៀវភៅ និងសម្ភារៈអប់រំប្រកបដោយគុណភាពជាច្រើន ដើម្បីបំផុសទឹកចិត្តសិស្សក្នុងការខិតខំប្រឹងប្រែងសិក្សា និងលើកកម្ពស់ទម្លាប់សិក្សាពេញមួយជីវិត។ ធនាគារ ខេប៊ីប្រាសាក់ ប្តេជ្ញាផ្តល់សម្ភារៈធនធានដែលជំរុញឱកាសសិក្សា ដែលរួមចំណែកដល់ការរីកលូតលាស់ និងការបង្កើនសមត្ថភាពដល់មនុស្សជំនាន់ក្រោយ។

​សូម​បញ្ជាក់​ថា​ ​គិត​ត្រឹម​ខែ​ធ្នូ​ ​ឆ្នាំ​២០២៤ ​នេះ​ ​គម្រោង​បណ្ណាល័យខេប៊ីប្រាសាក់​ដាក់​ឱ្យ​ប្រើប្រាស់​ ​ចំនួន​៤៦ ​អគារ​គ្របដណ្តប់​លើ​ភូមិ​ចំនួន​៤៩៩ ​ភូមិ ​ដែល​មាន​ចំនួន​គ្រួសារ​សរុប​ ១០៨,៨១០ ​គ្រួសារ​ ​មាន​ប្រជាជន​សរុប​ចំនួន​៤៤៦,៤២៧នាក់ ​នៅ​ក្នុង​១៤ ​ខេត្ត​រួម​មាន​ កំពង់ស្ពឺ​ ​កំពង់ចាម​ ​កណ្ដាល​ ​ព្រៃវែង​ ​កំពង់ធំ​ ​សៀមរាប​ ​តាកែវ​ ​ព្រះវិហារ​ ​បាត់​ដំបង​ ​ស្វាយរៀង​ ​បន្ទាយ​មានជ័យ​ ​កែប​ ​ពោធិ៍សាត់ និងត្បូងឃ្មុំ ហើយ​មាន​សិស្សានុសិស្ស​ដែល​ទទួល​ផល​ផ្ទាល់​ពី​គម្រោង​បណ្ណាល័យ​នេះ​ចំនួន​ ១៧១,៤៨៥ នាក់​៕