(បរទេស)៖ Svalbard គឺជាប្រជុំកោះន័រវេស រវាងដីគោកន័រវេស និងប៉ូលខាងជើង ហើយក៏ជាតំបន់មួយដែលប្លែកជាងគេបំផុត​នៅលើ​ពិភពលោកគឺអនុញ្ញាតឱ្យពលរដ្ឋមកពីប្រទេសនានាអាចរស់នៅ និងធ្វើការដោយគ្មានទិដ្ឋាការ ដែល​គោលការណ៍នេះគឺទទួលបានដោយសារសន្ធិសញ្ញា Svalbard ឆ្នាំ១៩២០។

សន្ធិសញ្ញានេះបានផ្តល់សិទ្ធិស្មើៗគ្នាដល់គ្រប់ជាតិសាសន៍ ដោយអនុញ្ញាតឱ្យមានលំនៅឋានគ្មានកំណត់ ដរាបណាបុគ្គលនោះអាចផ្គត់ផ្គង់ខ្លួនផ្នែកហិរញ្ញវត្ថុបាន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សម្រាប់អ្នកធ្វើដំណើរតម្រូវឱ្យមានទិដ្ឋាការ​ប្រភេទ Schengen សម្រាប់ការចូលតាមរយៈដីគោករបស់ន័រវេស។ ត្បិតតែការស្នាក់នៅ និងធ្វើការមិនតម្រូវឱ្យមានទិដ្ឋាការក្ដី ប៉ុន្តែ​​ការងារត្រូវបានកំណត់ ដោយក្នុងនោះអាទិភាពភាគច្រើនគឺលើវិស័យទេសចរណ៍ និងស្រាវជ្រាវហើយលំនៅដ្ឋានត្រូវបានផ្តល់ដោយនិយោជកជាចម្បង។

ចំពោះការរស់នៅត្រូវបានគេដឹងថា មានការចំណាយខ្ពស់ ហើយសម្រាប់សេវាសុខុមាលភាពតិចតួច ទាមទារភាពគ្រប់គ្រាន់ដោយខ្លួនឯងសម្រាប់អ្នករស់នៅ។

Svalbard បានជាប់ចំណាយថ្នាក់ជាតំបន់មួយនៅភាគខាងជើងដែលមានមនុស្សរស់នៅច្រើន និងពេញនិយមបំផុតនៅលើពិភពលោក វាគឺជាតំបន់ដាច់ស្រយាលនៃផ្ទាំងទឹកកក ប៉ុន្តែអ្វីដែលអស្ចារ្យសម្រាប់តំបន់មួយនេះគឺអាចមើលឃើញព្រះអាទិត្យ ២៤ម៉ោងក្នុងមួយថ្ងៃ​ ចាប់ពីចុងខែមេសា ដល់ចុងខែសីហា ដែលមនុស្សគ្រប់គ្នារស់នៅទីនោះហៅថា «ព្រះអាទិត្យកណ្តាលអធ្រាត្រ» ។ នេះ​មាន​ន័យ​ថា អ្នក​ស្រុក​ទទួល​បាន​ពន្លឺ​ថ្ងៃ​ថេរ​ក្នុង​រដូវ​ក្ដៅ​តែ​ជាង​បួន​ខែ​ប៉ុណ្ណោះ៕