(ភ្នំពេញ)៖ ប្រឡូកក្នុងអាជីពសម្ដែងច្រើនឆ្នាំ សារ៉ាយ សក្កណា ទទួលបានតំណែងតួអង្គគ្រូធំ គ្រប់គ្រងព្រលឹងខ្មោចដ៏ពិសពុលជាលើកដំបូង តាមរយៈខ្សែភាពយន្ដខ្នាតធំរឿង «ទាយាទធ្មប់»។ តារាស្រីរូបនេះបញ្ជាក់ថា ថតចប់មួយរឿងនេះ អ្នកនាទទួលបានចំណីអារម្មណ៍ថ្មី ព្រោះសូម្បីតែខ្លួនឯងដែលជាតួអង្គថាវាជារឿង ប៉ុន្ដែនៅព្រឺសម្បុរពេលចូលឈុតខ្មោចម្ដងៗ។

បង្ហាញវត្ដមានព្រមគ្នាជាមួយតារាសម្ដែងវ័យជ្រេ ស្វែង សុជាតា ក្នុងពិធីសម្ពោធចាក់បញ្ចាំងខ្សែភាពយន្ដរឿង «ទាយាទធ្មប់» ជាផ្លូវការកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ អ្នកនាង សារ៉ាយ សក្កណា បានបញ្ជាក់ថា អ្នកនាងក៏ធ្លាប់ឆ្លងកាត់ការសម្ដែងជាតួអង្គខ្មោចខ្លះដែរកន្លងមក ប៉ុន្ដែរឿងនេះអ្នកនាងត្រូវទទួលភារកិច្ចធ្ងន់ជាមួយខ្មោច ឬព្រលឹងអស្សុរកាយភ្ជាប់ជាមួយជំនឿអាបធ្មប់ខ្មែរ។

សារ៉ាយ សក្កណា បានសង្កត់ធ្ងន់ថា «និយាយទៅរឿងនេះបែបខ្មែរ ធ្មប់អីនឹងខ្មែរយើងខ្លះនៅជឿ ហើយយើងដឹងមានជំនឿខ្លះៗស្រាប់ ធ្វើឲ្យយើងសម្ដែងបានកាន់តែងាយ តែយើងក៏ត្រូវចាំប៉ារ៉ូលដែរ។ មួយរឿងនេះធានាថាប្លែកហ្មង ហើយខ្ញុំជឿថា ខ្ញុំប្លែក បងប្អូនដែលនិយមតាមដានទស្សនាភាពយន្ដក៏ប្លែកដូចខ្ញុំដែរ»

សារ៉ាយ សក្ខណា បន្ថែមទៀតថាភាពយន្ដនេះថ្មីសម្រាប់រូបនាង បើទោះជានាង​ធ្លាប់ថត​រឿងខ្មោច ជាច្រើនរឿងក្ដី តែម្ដងនេះជារឿងធ្មប់​ អមនុស្ស ពិសេស​នាង​លេងជាគ្រូទាយ និង​មើល​ឃើញវិញ្ញាណ អមនុស្ស។ ឈុតត្រូវយក​វិញ្ញាណចូល​ក្នុង​ខ្លួន គឺពិបាកបំផុត​សម្រា​ប់​នាង ព្រោះ​ហត់​ស្ទើតែចង់សម្លប់។ នាងនិយាយបែបលេង​សើចថា​មូលហេតុដែល​គេចូល​ចិត្តហៅនាង​លេង​ជា​តួខ្មោច ដោយសារតែគេមិនពិបាក​ចំណាយ​លើ​ការផាត់មុខ។ នាង​ទទូចសូម​ឲ្យ​ទស្ស​និកជនមកទស្សនាភាពយន្ដខ្មែរ​ឲ្យបានច្រើន​ទាំង​អស់គ្នា ដើម្បី​លើក​ទឹកចិត្តដល់ផលិតករ និង​ភាពយន្ដខ្មែរ ឲ្យរីកចម្រើនទៅមុខ។

ចំណែកលោក Jimmy Henderson ជាអ្នកដឹកនាំភាពយន្ដរឿង «ទាយាទធ្មប់» បានឲ្យដឹងថា រឿងបនេះនិយាយពីកូនក្មេងនិងម្ដាយ ផ្ដោតលើកុមារីមួយរូបក្លាយជាស្រ្ដីពេញរូបរាង។ វាជាខ្សែភាពយន្ដបែបភ័យរន្ធត់ មានចំណុចជាច្រើនដែលទាក់ទាញ តែចំណុចសំខាន់ គឺពីបញ្ហាគ្រួសារ។ រឿង «ទាយាទធ្មប់» ចំណាយពេលនិពន្ធ៤ខែ បន្ទាប់ពីលោកបានដឹកនាំបញ្ចប់ រឿង «KTV»។ រឿងនេះប្រើពេលថតរយៈពេល១ឆ្នាំគត់ ទើបឈានមកដាក់បញ្ចាំងនាពេលនេះ។ ខ្សែភាពយន្ដនេះ ក៏មានគម្រោងបញ្ចេញទៅចាក់បញ្ចាំងលើទីផ្សារអន្ដរជាតិដែរ បន្ទាប់ពីចាក់បញ្ចាំងក្នុងស្រុកខ្មែររួចគឺដូចគ្នាទៅនឹងរឿង «Jailbreak» ដែលលោកធ្លាប់ធ្វើដោយជោគជ័យ។

សូមបញ្ជាក់ថា ខ្សែភាពយន្ដរឿង «ទាយាទធ្មប់» របស់ផលិតកម្ម M Picture នឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ដចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីសម្ពោធចាក់បញ្ចាំងជាផ្លូវការកាលពីយប់ថ្ងៃទី៧ ក្រោមវត្ដមានរបស់ផលិតករ និងតារាសម្ដែងល្បីៗដូចជា អ្នកនាង ស្វែង សុជាតា សារ៉ាយ សក្កណា កុមារី ម៉ានីកា និងសិល្បករ-សិល្បការិនីជាច្រើនទៀត៕