(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យា Meta បានប្រកាសថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ខ្លួនបានចាប់ដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Lightstorm Vision របស់អ្នកដឹកនាំរឿងដ៏ល្បីលោក James Cameron ដើម្បីបង្កើនការបង្កើតមាតិកាកម្សាន្តបែប 3D រួមទាំងកីឡាផ្សាយផ្ទាល់ ការប្រគំតន្ត្រី និងរឿងភាគទូរទស្សន៍ជាដើម សម្រាប់ Meta Quest ដែលជាវ៉ែនតាវៃឆ្លាតរបស់ក្រុមហ៊ុន Meta។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព៏ត៌មាន Reuters នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤។

បើនិយាយពីឈ្មោះរបស់លោក James Cameron ត្រូវបានអ្នកតាមដានវិស័យភាពយន្តនៅទូទាំងពិភពលោកស្គាល់យ៉ាងច្បាស់ ត្បិតលោកជាម្ចាស់ស្នាដៃភាពយន្តល្បីៗជាច្រើន ជាពិសេសគឺរឿង «Avatar» និងរឿង «កាប៉ាល់ Titanic» ដែលភាពយន្តទាំងពីរនេះ សុទ្ធសឹងតែរកប្រាក់ចំណូលបានច្រើនបំផុតរហូតដល់ខ្ទង់ពាន់លានដុល្លារ។ ពោលគឺរឿង «Avatar» ឆ្នាំ២០០៩ រកចំណូលបាន ២.៩២ពាន់លានដុល្លារ, រឿង «Avatar» ឆ្នាំ ២០២២ រកចំណូលបាន ២.៣២ពាន់លានដុល្លារ និងរឿង «កាប៉ាល់ Titanic» ចេញឆ្នាំ ១៩៩៧ រកចំណូលបាន ២.២៦ពាន់លានដុល្លារ។

វ៉ែនតាវៃឆ្លាត Quest នឹងក្លាយជាឧបករណ៍ទំនើប មានរួមបញ្ចូលនូវមាតិកាចម្រុះដែលបង្កើតឡើងផ្តាច់មុខដោយក្រុមហ៊ុន Lightstorm Vision។ ភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរនេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ Meta ចំពោះភាពជាក់ស្តែងនៃការបង្កើតមាតិកាចម្រុះរបស់ខ្លួន បន្ទាប់ពីបានបណ្តាក់ទុនរាប់ពាន់លានដុល្លារ ចូលទៅក្នុងបច្ចេកវិទ្យា metaverse។

គួរជម្រាបថា វ៉ែនតាវៃឆ្លាត Quest ត្រូវបានក្រុមហ៊ុន Meta ប្រកាសបង្ហាញនៅក្នុងខែកញ្ញាកន្លងទៅ ដែលមានតម្លៃសមរម្យជាងមុន។ ក្រុមហ៊ុន​ក៏​បានប្រកាសថា ​​ខ្លួន​នឹង​ធ្វើ​ការ​ជាមួយ Lightstorm ដើម្បី​បញ្ចុះ​តម្លៃ​ផលិតផល​ដែល​ទាក់ទង​នឹង​ការ​បង្កើត​មាតិកា 3D៕