(ភ្នំពេញ)៖ ក្រុមហ៊ុនណាហ្គាវើលដ៍ និងក្រសួងអប់រំ យុវជន និងកីឡា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីអនុវត្ត «កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង» ដែលជាការប្រកួតប្រជែងរយៈពេល៧ខែ សម្រាប់អនុវិទ្យាល័យ និងវិទ្យាល័យចំនួន៦៨ ក្នុងរាជធានីភ្នំពេញ។

កម្មវិធីនេះ នឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ជាបន្តបន្ទាប់របស់ក្រសួង ដើម្បីធ្វើឱ្យប្រទេសកម្ពុជាកាន់តែបៃតងដោយអប់រំសិស្សានុសិស្ស អំពីការគ្រប់គ្រង និងកែច្នៃសំរាមឡើងវិញ។ កម្មវិធីនេះ នឹងចាប់ដំណើរការពីខែធ្នូ ឆ្នាំ២០២៤ រហូតដល់ខែមិថុនា ឆ្នាំ២០២៥ នឹងត្រូវបានដឹកនាំដោយណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍។

តាងនាមឱ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសូងអប់រំ យុវជន និងកីឡា លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា «យើងស្វាគមន៍កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតងដែលផ្តួចផ្តើមឡើងដោយ ក្រុមហ៊ុនណាហ្គាវើលដ៍ដែលមានគោលបំណង លើកកម្ពស់ការយល់ដឹង ក្នុងចំណោមសិស្សានុសិស្សដើម្បីនិរន្តរភាព។ ដោយបញ្ចូលការអនុវត្តកាត់បន្ថយ និងការកែច្នៃសំរាមឡើងវិញ ទៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ និងការផ្សព្វផ្សាយយ៉ាងសកម្ម យើងនឹងអាចធ្វើឱ្យក្មេងៗជំនាន់ក្រោយផ្តល់តម្លៃ និងជួយការពារបរិស្ថាន។ ទាំងអស់គ្នា យើងអាចធ្វើឱ្យប្រទេសកម្ពុជារបស់យើងកាន់តែបៃតង និងអនាគតប្រកបដោយនិរន្តរភាព»

កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង មានធាតុផ្សំចំនួនពីរ គឺការសម្អាតនៅតាមសាលារៀន និងការប្រមូលកាកសំណល់ប្លាស្ទិក។ ណាហ្គាវើលដ៍បេះដូងសប្បុរស នឹងរៀបចំសិក្ខាសាលា និងការវាយតម្លៃរៀងរាល់ខែខណៈដៃគូកែច្នៃកាកសំណល់ គឺក្រុមហ៊ុន Gomi Recycle នឹងគ្រប់គ្រងទៅលើការប្រមូលកាកសំណល់ប្លាស្ទិក។ នៅចុងបញ្ចប់នៃកម្មវិធីនេះ សាលារៀន ៣ ដែលស្អាតជាងគេ និងសាលារៀនចំនួន ១ ដែលប្រមូលកាកសំណល់ប្លាស្ទិកបានច្រើនជាងគេ នឹងទទួលបានរង្វាន់ពិសេសសម្រាប់ កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ។

មានមតិទៅលើកម្មវិធីនេះ លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា «កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតងនេះ មិនត្រឹមតែជួយគាំទ្រដល់ទស្សនវិស័យសម្រាប់អនាគតកាន់តែស្រស់បំព្រង និងបៃតងប៉ុណ្ណោះទេប៉ុន្តែវាបង្កើតបរិស្ថានល្អសម្រាប់សិស្សានុសិស្សអាចរៀនសូត្រ និងធំលូតលាស់បានល្អថែមទៀតផង។ តាមរយៈការបង្ហាត់ និងពន្យល់ណែនាំពួកគេឱ្យចេះពីរបៀបការពារបរិស្ថាន កម្មវិធីនេះនឹងជួយធ្វើឱ្យពួកគេមានទម្លាប់ល្អពេញមួយជីវិត និងកាត់បន្ថយមេរោគ និងជំងឺដែលធ្វើឱ្យសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូមានសុខភាពកាន់តែល្អ»

ក្រុមហ៊ុន Gomi Recycle នឹងឧបត្ថម្ភគ្រឿងសង្ហារិម ឬផលិតផលផលិតចេញកាកសំណល់ប្លាស្ទិកដែល ប្រមូលបានពីសាលារៀននៅពេលសាលារៀននោះ អាចប្រមូលកាកសំណល់ប្លាស្ទិកតាមចំនួនកំណត់ ឬលើសពីចំនួនដែលបានកំណត់។ នេះអនុញ្ញាតឱ្យសិស្សានុសិស្សឃើញលទ្ធផលជាក់ស្តែង ដែលកើតចេញពីការខិតខំកែច្នៃកាកសំណល់របស់ពួកគេ និងដឹងថាកាកសំណល់ក៏អាចត្រូវបានកែច្នៃទៅជាធនធានមានតម្លៃផងដែរ។

លោក Yusuke Okumara ស្ថាបនិកក្រុមហ៊ុន Gomi Recycle បានឱ្យដឹងផងដែរថា «ក្រុមហ៊ុន Gomi Recycle ប្តេជ្ញាកាត់បន្ថយកាកសំណល់ និងលើកកម្ពស់និរន្តរភាព ក្នុងប្រទេសកម្ពុជា ​តាមរយៈកិច្ចខិតខំកែច្នៃឡើងវិញប្រកបដោយភាពនវានុវត្តន៍។ កាកសំណល់ គឺជាលទ្ធផលនៃជម្រើសរបស់យើង។ ជម្រើសដែលយើងធ្វើនៅថ្ងៃនេះ នឹងកំណត់អំពីអនាគតរបស់ភពផែនដីរបស់យើង។ តាមរយៈការសហការជាមួយណាហ្គាវើលដ៍ យើងសង្ឃឹមថា នឹងអាចលើកទឹកចិត្ត ឱ្យក្មេងៗជំនាន់ក្រោយធ្វើការជ្រើសរើស ប្រកបដោយមនសិការ និងអនុវត្តត្រឹមត្រូវដើម្បីភាពស្រស់បំព្រងនៅថ្ងៃស្អែក»

គួរបញ្ជាក់ផងដែរថា សិក្ខាសាលាណែនាំអំពីកម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតងនេះ នឹងត្រូវរៀបចំឡើងនៅក្នុងខែធ្នូនេះ នៅណាហ្គាវើលដ៍ ដែលមានការចូលរួម ពីតំណាងអនុវិទ្យាល័យ វិទ្យាល័យ និងអ្នកតំណាងមកពីក្រសួងអប់រំ។ សិក្ខាសាលានេះ នឹងរៀបរាប់អំពីចំណុចសំខាន់ៗ នៃការប្រកួតប្រជែងរួមទាំងគោលបំណង ការណែនាំ និងលក្ខខណ្ឌវាយតម្លៃដើម្បីអាចដំណើរការកម្មវិធីនេះ ប្រកបដោយភាពរលូន និងជោគជ័យ៕