(បរទេស)៖ ប្រភពពីសារព័ត៌មាន​ The Information បានរាយការណ៍នៅថ្ងៃពុធសប្តាហ៍នេះថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple និង Baidu កំពុងសហការគ្នា ដើម្បីបញ្ចូលមុខងារបញ្ញាសិប្បនិម្មិត (AI) ទៅក្នុង iPhone ដែលលក់ក្នុងប្រទេសចិន ប៉ុន្តែបច្ចុប្បន្ននេះកំពុងប្រឈមនឹងឧបសគ្គដែលអាចប៉ះពាល់ដល់ការលក់នៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

របាយការណ៍បានបង្ហាញថា ក្រុមហ៊ុន Apple កំពុងជួបបញ្ហាសំខាន់ពីរក្នុងនោះរួមមាន​ ការយល់ដឹងរបស់គំរូភាសា LLMs របស់ Baidu និងភាពត្រឹមត្រូវរបស់ពួកគេក្នុងការឆ្លើយតបទៅនឹងសេណារីយ៉ូទូទៅ។ តែយ៉ាងណាជុំវិញព័ត៌មានលម្អិតអំពីបញ្ហានេះទាំង Apple និង Baidu មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​អត្ថាធិប្បាយ​របស់ Reuters ទេ។

ប្រភពពី The Information បានគូសបញ្ជាក់ថា ភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរនេះកំពុងមានការខ្វែងគំនិតគ្នា ខណៈគោលការណ៍ឯកជនភាពរបស់ Apple មិនអនុញ្ញាតឱ្យមានការប្រមូលទិន្នន័យពីអ្នកប្រើប្រាស់ iPhone យកទៅបង្កើតសំណួរទាក់ទងនឹង AI នោះទេ ប៉ុន្តែ Baidu ចង់រក្សាទុក និងវិភាគទិន្នន័យទាំងនោះ។

គួរជម្រាបថា ភាពជាដៃគូនេះមានគោលបំណងកែសម្រួលម៉ូដែល AI កម្រិតខ្ពស់របស់ Baidu ជាពិសេសម៉ូដែល Ernie 4.0 សម្រាប់ប្រើប្រាស់ជាមូលដ្ឋានគ្រឹះសម្រាប់សេវាកម្ម genAI របស់ Apple រួមទាំង iPhone, Mac និង iPad៕