(បរទេស)៖ ក្រុមហ៊ុន Meta បានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួនគ្រោងវិនិយោគជាទឹកប្រាក់ ១០ពាន់លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យ AI នៅរដ្ឋ Louisiana ភាគអាគ្នេយ៍សហរដ្ឋអាមេរិក ដែលជាមជ្ឈមណ្ឌលទិន្នន័យដ៏ធំបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យានៅលើពិភពលោក។ មជ្ឈមណ្ឌលទិន្នន័យ hyperscaler ដែលត្រូវបានគ្រោងទុកនៅ Richland Parish ត្រូវបានរចនាឡើង ដើម្បីដំណើរការទិន្នន័យយ៉ាងច្រើន ដែលត្រូវការដើម្បីគាំទ្រហេដ្ឋារចនាសម្ព័ន្ធឌីជីថល រួមទាំងបន្ទុកការងារបញ្ញាសិប្បនិម្មិតផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤។
ការអភិវឌ្ឍន៍នេះកើតឡើងមួយថ្ងៃ បន្ទាប់ពី Meta បានប្រកាសថា ខ្លួនកំពុងស្វែងរកសំណើពីអ្នកអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ ដើម្បីជួយបំពេញគោលដៅ AI និងបរិស្ថាន ដោយបន្ថែមថាខ្លួនចង់បន្ថែមសមត្ថភាពផលិតនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកពី ១ទៅ ៤ជីហ្គាវ៉ាត់ ដែលចាប់ផ្តើមនៅដើមទសវត្សរ៍ឆ្នាំ ២០៣០។ កុំព្យូទ័រ AI បាននាំឱ្យមានការកើនឡើងយ៉ាងខ្លាំង នៃតម្រូវការថាមពលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Amazon និង Microsoft ដែលធ្វើឱ្យមានការចាប់អារម្មណ៍ជាថ្មីលើថាមពលនុយក្លេអ៊ែរ។ បរិមាណអគ្គិសនីប្រើប្រាស់ដោយមជ្ឈមណ្ឌលទិន្នន័យ Meta នៅរដ្ឋ Louisiana នឹងត្រូវបានផ្គូផ្គងដោយថាមពលកកើតឡើងវិញ ដែលក្រុមហ៊ុនបច្ចេកវិទ្យានឹងកំពុងធ្វើការជាមួយ utility Entergy។
ក្រុមហ៊ុន Entergy ដែលផ្តល់អគ្គិសនីដល់ផ្នែកខ្លះនៃរដ្ឋ Arkansas, Louisiana, Mississippi និង Texas មានរោងចក្រថាមពលនុយក្លេអ៊ែរចំនួនពីរនៅរដ្ឋ Louisiana ។ Meta រំពឹងថា ការសាងសង់មជ្ឈមណ្ឌលទិន្នន័យនៅរដ្ឋ Louisiana នឹងបន្តរហូតដល់ឆ្នាំ២០៣០ ជាមួយនឹងការងារសាងសងគឺចាប់ផ្តើមនៅខែធ្នូនេះ៕