(ភ្នំពេញ)៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានបញ្ជូនប្រតិភូ និងអត្តពលិកជាង ២០នាក់ ចូលរួមការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ី លើកទី៥ ឆ្នាំ២០២៤ (The 5th AVF Asian Vovinam Championship 2024) នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១៦-២២ ខែធ្នូខាងមុខ ខណៈកម្ពុជា នឹងប្រើប្រាស់អត្តពលិកវ័យក្មេងជាច្រើន ក្នុងបេសកកម្មលើកនេះ ។

លោក អ៊ូ រតនា ប្រធានសហព័ន្ធ បានឲ្យដឹងថា ក្រៅពីប្រតិភូ និងគ្រូបង្វឹក សហព័ន្ធបានត្រៀមកីឡាករ-កីឡាការិនី ១៩រូប ដើម្បីចូលរួមការប្រកួតជើងឯកអាស៊ីលើកនេះ ហើយភាគច្រើនជាយុវជនវ័យក្មេង ដែលមិនសូវមានបទពិសោធន៍ចូលរួមប្រកួតអន្ដរជាតិ តែពួកគេក៏ធ្លាប់បានប្រកួត និងទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាដែរ ។

លោកថា នេះគឺជាការផ្លាស់ប្ដូរថ្មីមួយ ស្របតាមគោលការណ៍របស់សហព័ន្ធ ក្នុងការលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយនិរន្ដរភាព ដែលសហព័ន្ធត្រូវហ៊ានក្នុងការផ្លាស់ប្ដូរអត្តពលិកថ្មី ជំនួសរាមច្បងដែលមានវ័យច្រើន និងមានការធ្លាក់ចុះនូវសិទ្ធផល ។ ទោះបីមានការលំបាកក្នុងការសម្រេចចិត្ត តែសហព័ន្ធត្រូវតែធ្វើ ដើម្បីចម្រាញ់បាននូវអត្តពលិកបន្ដវេនល្អៗ សម្រាប់ចូលរួមរាល់ការប្រកួតអន្ដរជាតិផ្សេងៗ ។

ទោះបីប្រើប្រាស់អត្តពលិកវ័យក្មេងមួយចំនួនធំក្ដី តែក្នុងនាមសហព័ន្ធ នៅតែមានក្ដីរំពឹងថា ពួកគេនឹងអាចធ្វើបានក្នុងការស្វែងរកមេដាយជូនជាតិ ។ ការបង្ហាញសុទិដ្ឋិនិយមនេះ ក៏ព្រោះក្រោយស៊ីហ្គេម ឆ្នាំ២០២៣ សហព័ន្ធបានបន្ដយកចិត្តទុកដាក់លើការហ្វឹកហាត់ ពិសេសដោយមានការអនុញ្ញាតពីក្រសួងអប់រំ សហព័ន្ធក៏បានធ្វើការប្រមូលផ្ដុំហ្វឹកហាត់យ៉ាងផ្ចិតផ្ចង់ផងដែរ ពិសេសលើការបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយ ហើយលើទឹកចិត្តដល់រាមច្បងក្នុងការចែករំលែកបទពិសោធន៍ និងចំណេះដឹងដល់សិស្សប្អូនទៀតផង ។

លោក អ៊ូ រតនា បន្ដថា «អត្តពលិកថ្មីដែលយើងចេញទៅនេះ ខ្ញុំបានដាក់គោលដៅ និងសង្ឃឹមថា វ៉ូវីណាមកម្ពុជា នឹងខិតខំដណ្ដើមឲ្យបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ជូនជាតិ ពិសេសដូចការប្រកួតលើកទី៤ ដែលយើងធ្លាប់ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងព្រឹត្តិការណ៍ប្រចាំទ្វីបនេះ ។ អ៊ីចឹងអ្វីដែលយើងទៅ ទោះបីថ្មីក៏ដោយ ទី១-គឺការចូលរួម ទី២-បង្កើនសមត្ថភាពដល់យុវជនជំនាន់ក្រោយ ទី៣-ក៏យើងខិតខំដាក់គោលដៅថែរក្សាខ្សែក្រវាត់របស់យើងដែរ ។ ប៉ុន្ដែចំពោះមុខយើងធ្វើបានកម្រិតណា យើងអត់ទាន់បានកំណត់ទេ តែអ្វីដែលយើងចង់បាន គឺយើងចង់បានរក្សានូវជោគជ័យរបស់យើង»

សូររំឮកថា កាលពីឆ្នាំ២០១៨ ក្នុងការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី លើកទី៤ នៅកោះបាលីដូចគ្នា ក្រុមអត្តពលិកកីឡាវ៉ូវីណាមកម្ពុជា បានទទួលចំណាត់ថ្នាក់លេខ២ ក្នុងចំណោម ១៧ប្រទេស ក្រោយដណ្ដើមបានមេដាយសរុប ៣៦គ្រឿង (មាស ១១ ប្រាក់ ១១ និងសំរឹទ្ធ ១៤) ។ សម្រាប់ការប្រកួតឆ្នាំនេះ គ្រោងនឹងមានអត្តពលិកប្រមាណ ១៨ប្រទេសចូលរួម ក្នុងនោះក៏មានកម្ពុជាផងដែរ ដែលដឹកនាំដោយលោកស្រី ញឹម ម៉ី ជាអគ្គហេរញ្ញឹកសហព័ន្ធ ។ កាលពីល្ងាចថ្ងៃទី០៤ ខែធ្នូម្សិលមិញ ប្រធានសហព័ន្ធខាងលើ ក៏បាននាំយកសម្លៀកបំពាក់ និងសម្ភារ ដែលទទួលបានការឧបត្ថម្ភពីដៃគូ ប្រគល់ជូនគ្រូ និងអត្តពលិកគ្រប់រូបផងដែរ ៕