(ឡុងដ៍)៖ កីឡាករប្រដាល់សកល Sunny Edwards នឹងត្រូវប្រជែងកៅអី១ ទល់នឹង Galal Yafai ដើម្បីឡើងទៅវ៉ៃដណ្តើមខ្សែក្រវាត់ទម្ងន់ស្រាលពិភពលោក WBC ដែលកំពុងកាន់កាប់ដោយកីឡាករ Kenshiro Teraji នាឆ្នាំ២០២៥ ខាងមុខ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា គូនេះនឹងធ្វើឡើងនៅសង្វៀនដែលស្ថិតក្នុងទីក្រុង Birmingham ប្រទេសអង់គ្លេស ដ្បិតអ្នកឈ្នះនឹងមានសិទ្ធិ ក្នុងការឡើងទៅវគ្គបន្ទាប់។
នៅចាំបានថា Edwards ជាអតីតកីឡាករធ្លាប់ឈ្នះ និងចាញ់ខ្សែក្រវាត់ IBF ក្នុងប្រភេទទម្ងន់ស្រាលនេះ គ្រាដែលគូប្រជែង Yafai ទើបប្រកបអាជីពប្រដាល់ក្នុងឆ្នាំ២០១៦ មុនឈ្នះមេដាយមាស Oympic Games នៅឆ្នាំ២០២០ ដោយបានយកឈ្នះ Carlo Paalam របស់ហ្វីលីពីននៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
Yafai មានជំនឿជាក់ថា នឹងបន្តធ្វើបានល្អទៀត ដើម្បីបង្កើនកំណត់ត្រា ក្រោយទទួលបានជ័យជម្នះ ៩លើករួចមកពេលប៉ះ Edwards នៅសង្វៀន BP Pulse Live ស្ថិតក្នុងទីក្រុង Birmingham និងជាលើកដំបូងសម្រាប់លោកដែលប្រកួតនៅទឹកដីកំណើត គិតចាប់តាំងពីផ្តួល Tommy Frank ត្រឹមទឹកទី១ កាលខែសីហា ឆ្នាំ២០២៣៕