(បរទេស)៖ ក្រុមហ៊ុនផលិតស្មាតហ្វូនចិន Xiaomi ត្រូវបានគេរាយការណ៍មកថា កំពុងធ្វើការលើគម្រោងផលិតបន្ទះឈីបផ្ទាល់ខ្លួន ក្នុងគោលបំណងដើម្បីកាត់បន្ថយការពឹងផ្អែកលើអ្នកផ្គត់ផ្គង់ធំៗដូចជា Qualcomm និង​ MediaTek ជាដើម។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។

យោងតាមរបាយការណ៍ចុះផ្សាយបានបង្ហាញថា ការផលិតទ្រង់ទា្រយធំរបស់ Xiaomi នឹងចាប់ផ្តើមនៅឆ្នាំក្រោយ ដោយស្មាតហ្វូនដំបូងដែលបំពាក់ដោយបន្ទះឈីបនេះ ក៏ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនក្នុងឆ្នាំ២០២៥ ផងដែរ។ យុទ្ធសាស្រ្តថ្មីរបស់ Xiaomi ធ្វើឡើងបន្ទាប់ពីមន្ត្រីចិនស្នើសុំម្តងហើយម្តងទៀតដល់ក្រុមហ៊ុនក្នុងស្រុក ឱ្យកាត់បន្ថយការពឹងផ្អែករបស់ពួកគេលើបច្ចេកវិទ្យាបរទេសតាមដែលអាចធ្វើទៅបាន ជាពិសេសចំពេលមានសម្ពាធកើនឡើងកាន់តែខ្លាំងពីការរឹតបន្តឹងរបស់សហរដ្ឋអាមេរិក។

គួរជម្រាបថា ព័ត៌មានលម្អិតផ្សេងទៀតទាក់ទិននឹងការផលិតឈីបផ្ទាល់ខ្លួននេះមិនត្រូវបង្ហាញនោះទេ។ ប៉ុន្តែបើតាមរបាយការណ៍លេចធ្លាយកន្លងមក Xiaomi គ្រោងនឹងបន្ថែមការវិនិយោគដល់ ៣០ពាន់លានយន់ (ប្រហែល ៤.១ពាន់លានដុល្លារ) នៅក្នុងការអភិវឌ្ឍ និងស្រាវជ្រាវ (R&D) ក្នុងឆ្នាំ២០២៥ ពោលគឺកើនឡើងពី ៣.៣ពាន់លានដុល្លារក្នុងឆ្នាំនេះ៕