(ភ្នំពេញ)៖ ក្រុមហ៊ុន ដាយគីន អ៊ែរខនឌីសិននីង (ខេមបូឌា) ឯ.ក (Daikin Industries, Ltd.) បានប្រារព្ធពិធីសម្ពោធការិយាល័យលក់ និងផ្តល់សេវាកម្មថ្មីរបស់ខ្លួននៅរាជធានីភ្នំពេញ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍នេះតំណាងឱ្យការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្តល់នូវដំណោះស្រាយម៉ាស៊ីនត្រជាក់ទំនើប និងជំរុញទេពកោសល្យក្នុងស្រុក។
ពិធីនេះមានការចូលរួមពីសំណាក់លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោក អ៊ូអិណុ អាត់ត្សឹស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងភ្ញៀវកិត្តិយស ដែលសបញ្ជាក់ឱ្យឃើញសារៈសំខាន់នៃព្រឹត្តិការណ៍នេះ។ រដ្ឋមន្ត្រីបានស្វាគមន៍ចំពោះការវិនិយោគរបស់ក្រុមហ៊ុន ដាយគីន អ៊ែរខនឌីសិននីង (ខេមបូឌា) នៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតឱកាសការងារ ផ្តល់ចំណេះដឹង និងការបណ្តុះបណ្តាលបច្ចេកទេស។
លោករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះ៖ «យើងសង្ឃឹមថាក្រុមហ៊ុនដាយគីន អ៊ែរខនឌីសិននីង (ខេមបូឌា) នឹងគាំទ្រយ៉ាងសកម្មដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់និយោកជិក កម្មករក្នុងស្រុក ពង្រឹងជំនាញក្នុងការដំឡើង សេវាកម្ម ជួសជុល និងផ្នែកបច្ចេកទេសផ្សេងទៀត ដើម្បីផ្តល់នូវបច្ចេកទេសដែលមានគុណភាពខ្ពស់ ដំណោះស្រាយ និងផលិតផលម៉ាស៊ីនត្រជាក់ដែលមានប្រសិទ្ធភាពថាមពលខ្ពស់ សម្រាប់ទាំងលំនៅដ្ឋាន អគារពាណិជ្ជកម្ម និងរោងចក្រឧស្សាហកម្មទូទាំងប្រទេសដែលនឹងចូលរួម លើកកម្ពស់សមត្ថភាពឧស្សាហកម្ម និងគាំទ្រមហិច្ឆតារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឲ អគារ និងមានការថែទាំរបស់យើងកាន់តែមានភាពប្រកួតប្រជែងនៅក្នុងតំបន់»។
រាជរដ្ឋាភិបាលកម្ពុជាបានកំណត់គោលដៅបរិស្ថានរបស់ខ្លួនប្រកបដោយមហិច្ឆតា សម្រេចឱ្យបាននូវអព្យាក្រឹតភាពកាបូននៅត្រឹមឆ្នាំ២០៥០។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចាត់ទុកក្រុមហ៊ុន DAIKIN AIRCONDITIONING (Cambodia) ថាជាដៃគូដ៏សំខាន់ក្នុងដំណើរនៃការសម្រេចគោលដៅនេះ។ យើងស្វាគមន៍ចំពោះការរួមចំណែករបស់ក្រុមហ៊ុន ក្នុងការផលិតផលិតផលសន្សំសំចៃថាមពល (Energy-Efficient Products) និងលើកកម្ពស់ បច្ចេកវិទ្យាបៃតង ស្របតាមគោលដៅទាំងនេះ។ ជាមួយនឹងស្តង់ដារគុណភាពរបស់ជប៉ុន និងការអនុវត្តគោលការណ៍និរន្តរភាពបរិស្ថាន DAIKIN AIRCONDITIONING (Cambodia) អាចជាក្រុមហ៊ុន គំរូ និងឈានមុខគេ ក្នុងការកំណត់ស្តង់ដារសម្រាប់ផលិតផលដែលមានប្រសិទ្ធភាពថាមពលនៅ កម្ពុជា។
ក្រុមហ៊ុនដាយគីន អ៊ែរខនឌីសិននីង (ខេមបូឌា) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Daikin Industries Ltd. ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់ឈានមុខគេរបស់ជប៉ុន។ ត្រូវបានបង្កើតឡើងក្នុងខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ុនដាយគីន អ៊ែរខនឌីសិននីង (ខេមបូឌា) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅខែមករា ឆ្នាំ២០២៤ ដោយផ្តោតលើ សេវាកម្មមុន និងក្រោយពេលលក់នៃប្រព័ន្ធម៉ាស៊ីនត្រជាក់នៅកម្ពុជា។
ព្រឹត្តិការណ៍នេះបានក៏មានការអញ្ជើញចូលរួម ថ្លែងសុន្ទរកថាបើកជាមួយនឹងភាពកក់ក្តៅដោយលោក Toshiyuki Tanaka នាយកគ្រប់គ្រងក្រុមហ៊ុន ក្រុមហ៊ុនដាយគីន អ៊ែរខនឌីសិននីង (ខេមបូឌា)។ «ថ្ងៃនេះគឺជាការចាប់ផ្តើមនៃជំពូកថ្មីសម្រាប់ក្រុមហ៊ុន ដាយគីន នៅកម្ពុជា» ។ «យើងមានមោទនភាពដែលបានចុះបញ្ជីជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៣ និងចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។ វត្តមានរបស់យើងនៅទីនេះបង្ហាញពីជំនឿរបស់ ដាយគីន ចំពោះសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា និងការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវដំណោះស្រាយម៉ាស៊ីនត្រជាក់លំដាប់ពិភពលោកដែលស្របតាមទីផ្សារក្នុងស្រុក»។
ការិយាល័យលក់ និងល់សេវាកម្មថ្មីរបស់ ដាយគីន មានតាំងបង្ហាញផលិតផល មជ្ឈមណ្ឌលគ្រឿងបន្លាស់ ទីតាំងបណ្តុះបណ្តាល និងការិយាល័យប្រតិបត្តិការ។ លោក Tanaka បានសង្កត់ធ្ងន់ថា៖ «ទីតាំងការិយាល័យនេះឆ្លុះបញ្ចាំងពីទស្សនវិស័យរបស់យើងគឺ 'Perfecting the Air' ដែលយើងមានគោលបំណងលើកកម្ពស់គុណភាពជីវិតនៅកម្ពុជាតាមរយៈការលើកកម្ពស់គុណភាពខ្យល់ប្រកបដោយភាពច្នៃប្រឌិត អាចទុកចិត្តបាន និងមានប្រសិទ្ធភាព»។
ការបើកសម្ពោធនេះគឺស្របពេលជាមួយការអបអរខួប ១០០ឆ្នាំនៃ 'Perfecting the Air' របស់ ដាយគីន ។ នៅឆ្នាំ ២០២៤ Daikin Industries, Ltd. បានប្រារព្ធខួបលើកទី១០០ របស់ខ្លួន ដើម្បីអបអរសតវត្សរ៍នៃភាពច្នៃប្រឌិត និងភាពជាអ្នកដឹកនាំនៅក្នុងឧស្សាហកម្មម៉ាស៊ីនត្រជាក់។ បង្កើតឡើងក្នុងឆ្នាំ ១៩២៤ និងមានទីតាំងនៅទីក្រុង អូសាកា ប្រទេសជប៉ុន ដាយគីន បានប្រើប្រាស់បច្ចេកវិទ្យាម៉ាស៊ីនត្រជាក់កម្រិតខ្ពស់ សម្របទៅនឹងអាកាសធាតុចម្រុះ និងការវិវត្តតាមតម្រូវការរបស់អតិថិជនទូទាំងពិភពលោក។ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះការស្រាវជ្រាវ និងការអភិវឌ្ឍន៍បានអនុញ្ញាតឱ្យក្រុមហ៊ុនអាចដោះស្រាយបាននូវបញ្ហាប្រឈមផ្សេងៗទាក់ទងនឹងខ្យល់ រួមចំណែកដល់ការបង្កើនផាសុកភាព និងគុណភាពជីវិតនៅទូទាំងពិភពលោក។
ក្រុមហ៊ុនបានកត់សម្គាល់ថាក្នុងនាមជាអ្នកជំនាញផ្នែកម៉ាស៊ីនត្រជាក់ ដែលមានភាពជោគជ័យក្នុងមួយសតវត្សនៃភាពច្នៃប្រឌិត។ នេះបានសបញ្ជាក់ថា បច្ចេកវិទ្យាដែលបានអភិវឌ្ឍនៅក្នុងប្រទេសជប៉ុន ដែលជាប្រទេសដែលបានគេស្គាល់ថាមានអាកាសធាតុចម្រុះ និងរដូវកាលផ្សេងៗគ្នា បានអនុញ្ញាតឱ្យបច្ចេកវិទ្យារបស់ជប៉ុនអាចផ្តល់នូវផាសុកភាពបាននៅទូទាំងពិភពលោក រួមទាំងបានចូលរួមចំណែកដល់ការរីកចម្រើនផ្នែកវប្បធម៌ និងរបៀបរស់នៅតាមរយៈគំនិតផ្តួចផ្តើមថ្មីផ្សេងៗ។
លោក Shoji Uehara នាយកប្រតិបត្តិនៃផ្នែកប្រតិបត្តិការសកល និងការបណ្តុះបណ្តាលនៅ Daikin Industries Ltd. ប្រទេសជប៉ុន បានថ្លែថា៖ «ឆ្នាំនេះជាខួបលើកទី ១០០របស់ ដាយគីន ហើយក្នុងសតវត្សរ៍កន្លងមកនេះ យើងបានរីកចម្រើនទៅជាក្រុមហ៊ុនពហុជាតិដែលមាននិយោកជិកជាង ៩៥,០០០នាក់ និងមូលដ្ឋានផលិតកម្មជាង ១០០កន្លែង នៅទូទាំងពិភពលោក ជាមួយនឹងផលិតផលដាក់លក់នៅក្នុងជាង ១៧០ ប្រទេស»។
លោក Uehara បាននិយាយថាអាជីវកម្មស្នូលរបស់ ដាយគីន គឺផ្តោតទៅលើម៉ាស៊ីនត្រជាក់ ដែលមានទំហំ ៩០% នៃប្រតិបត្តិការរបស់ក្រុមហ៊ុន។ បន្ថែមពីនេះ ៨% នៃអាជីវកម្មរបស់ក្រុមហ៊ុន ចំណែក២% ទៀតគឹរួមចំណែកដោយវិស័យមួយចំនួនទៀត។ «ដាយគីន មានមោទនភាពដែលបានក្លាយជាក្រុមហ៊ុនតែមួយគត់នៅលើពិភពលោកដែលបានផ្តោតសំខាន់យ៉ាងពេញលេញចំពោះឧស្សាហកម្មប្រព័ន្ធកំដៅ ខ្យល់ និងម៉ាស៊ីនត្រជាក់ (HVAC)»។
លោក Uehara បានពន្យល់ថាបេសកកម្មរបស់ "Perfecting the Air " សង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការបង្កើតបរិយាកាសប្រកបដោយផាសុកភាព និងសុខុមាលភាព ដែលជួយបង្កើនផលិតភាព ភាពច្នៃប្រឌិត និងសុខុមាលភាពនៅគ្រប់កន្លែង រាប់ចាប់ពីផ្ទះរហូតដល់កន្លែងធ្វើការ និងសាលារៀន។
នៅក្នុងតំបន់អាស៊ាន-អូសេអានី ដាយគីន កាន់ឈយ៉ាងលេចធ្លោ ដោយមានសកម្មភាពក្នុងទីផ្សារយ៉ាងសកម្មនៅក្នុងប្រទេសដូចជា ថៃ ម៉ាឡេស៊ី វៀតណាម សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី នូវែលសេឡង់ និងអូស្ត្រាលី។ លោក Uehara បានលើកឡើងថា៖ «ក្រុមហ៊ុនរបស់យើងនៅក្នុងទីផ្សារទាំងនេះត្រូវបានគេស្គាល់ថាបានផ្តល់សេវាកម្មក្រោយពេលលក់ដ៏ល្អរបស់ពួកគេ ភាពឆាប់រហ័ស អាចទុកចិត្តបាន និងផ្តោតសំខាន់លើអតិថិជន»។ ក្រៅពីការលក់ផលិតផលដូចជា ម៉ាស៊ីនត្រជាក់សម្រាប់លំនៅដ្ឋាន ម៉ាស៊ីនត្រជាក់សម្រាប់ពាណិជ្ជកម្មធុនស្រាល និងប្រព័ន្ធម៉ាស៊ីនត្រជាក់ធុនធំដែលបម្រើដល់លំនៅដ្ឋាន ការិយាល័យ រោងចក្រ និងអគារខ្នាតធំ ការិយាល័យថ្មីរបស់ក្រុមហ៊ុន ដាយគីន នៅរាជធានីភ្នំពេញ គឺជាមជ្ឈមណ្ឌលសម្រាប់ការតាំងបង្ហាញបច្ចេកវិទ្យាទំនើបរបស់ក្រុមហ៊ុន រួមទាំងដំណោះស្រាយគុណភាពខ្យល់ក្នុងបន្ទប់ (IAQ) ដ៏ល្បីល្បាញរបស់ខ្លួន។ ភ្ញៀវដែលអញ្ជើញមកទស្សនាអាចទទួលបានបទពិសោធន៍ពីការបង្ហាញផលិតផលផ្ទាល់ និងទទួលបានការយល់ដឹងអំពីការរីកចម្រើនចុងក្រោយបំផុតនៅក្នុងបច្ចេកវិទ្យាម៉ាស៊ីនត្រជាក់។
លោក Uehara បានពន្យល់ថា «ដំណោះស្រាយរបស់យើងបានផ្តោតទៅលើធាតុសំខាន់ទាំងបួននៃខ្យល់៖ សីតុណ្ហភាព សំណើម លំហូរខ្យល់ និងអនាម័យ» លើសពីការច្នៃប្រឌិតទៅលើផលិតផល ដាយគីន ប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាព និងការអនុលោមតាមស្តង់ដារក្នុងស្រុក។ ក្រុមហ៊ុនកំពុងសហការជាមួយអាជ្ញាធរ និងស្ថាប័នរដ្ឋដើម្បីបង្កើតស្តង់ដារផលិតផល រួមទាំងការដាក់ស្លាកសញ្ញាថាមពល និងការវាយតម្លៃការដំណើរការ។
ពង្រឹងទេពកោសល្យក្នុងស្រុក ក្រុមហ៊ុន ក្រុមហ៊ុនដាយគីន អ៊ែរខនឌីសិននីង (ខេមបូឌា) បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់ខ្លួនចំពោះការពង្រឹងទេពកោសល្យក្នុងស្រុក ដោយមានបុគ្គលិកភាគច្រើនរបស់ខ្លួនជាបុគ្គលិកក្នុងស្រុក។ «គិតត្រឹមថ្ងៃនេះ យើងមានមោទនភាពដោយមានបុគ្គលិកចំនួន ១១៤នាក់ ដោយជាង ៩៥% នៃពួកគេជាបុគ្គលិកក្នុងស្រុក រួមទាំងមានសមាជិកម្នាក់នៃក្រុមប្រឹក្សាភិបាលរបស់យើងជាជនជាតិខ្មែរផងដែរ។ នេះគឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់យើងក្នុងការពង្រឹងទេពកោសល្យក្នុងស្រុក និងជំរុញវប្បធម៌នៃការរីកចម្រើននៅក្នុងប្រទេសកម្ពុជា" លោក Tanaka បានមានប្រសាសន៍។
លោកបាននិយាយថា៖ «ចក្ខុវិស័យរបស់យើងគឺពង្រឹងបច្ចេកទេសក្នុងស្រុក និងផ្តល់សេវាកម្មក្រោយពេលលក់ប្រកបដោយគុណភាពខ្ពស់ ដើម្បីបម្រើទីផ្សារកម្ពុជាឱ្យកាន់តែប្រសើរឡើង»។
ក្រុមហ៊ុនក៏បានរៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនសម្រាប់អ្នកចូលរួមជាង ៤០០នាក់ រួមមានអ្នកដំឡើង អ្នកម៉ៅការ និងនិស្សិតសាកលវិទ្យាល័យមកពីស្ថាប័នបច្ចេកទេសដូចជា ITC, NTTI, NPIC និង PPI។ លោក Tanaka បានកត់សម្គាល់ថា «គំនិតផ្តួចផ្តើមបណ្តុះបណ្តាលរបស់យើងមិនត្រឹមតែនិយាយអំពីចំណេះដឹងផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឧត្តមភាពបច្ចេកទេស និងការរីកចម្រើននៅក្នុងវិជ្ជាជីវៈផងដែរ» «នេះគឺជាផ្នែកមួយនៃបេសកកម្មដ៏ទូលំទូលាយរបស់យើងក្នុងការកសាងកម្លាំងពលកម្មដែលមានជំនាញដែលអាចបំពេញតម្រូវការទីផ្សារដែលកំពុងរីកចម្រើនរបស់កម្ពុជា»។ ការប្តេជ្ញាចិត្តរបស់ ដាយគីន ចំពោះកម្ពុជាគឺលើសពីប្រតិបត្តិការអាជីវកម្ម។ ក្រុមហ៊ុនបានអនុវត្តគំនិតផ្តួចផ្តើម ទំនួលខុសត្រូវសង្គម (CSR) ជាច្រើន រួមទាំងការបរិច្ចាគសម្ភារៈសំខាន់ៗដល់សាលារៀន និងមន្ទីរពេទ្យ។
លោក Uehara បានគូសបញ្ជាក់ថា៖ «កិច្ចខិតខំប្រឹងប្រែងទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់យើងក្នុងការរួមចំណែកដល់ការអភិវឌ្ឍសហគមន៍មូលដ្ឋាន និងបង្កើតផលជាវិជ្ជមាន» «ជាមួយនឹងការបង្កើតការិយាល័យលក់ និងសេវាកម្មរបស់យើងនៅកម្ពុជា ខ្ញុំជឿជាក់ថាឥឡូវនេះក្រុមហ៊ុន ដាយគីនស្ថិតក្នុងស្ថានភាពកាន់តែរឹងមាំដើម្បីផ្តល់ការគាំទ្រកាន់តែប្រសើរដល់អតិថិជនរបស់យើង»។
ជាមួយនឹងការចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជា ដាយគីន មានគោលបំណងក្លាយខ្លួនទៅជាដៃគូសហការដែលគួរឱ្យទុកចិត្តនៅក្នុងវិស័យម៉ាស៊ីនត្រជាក់នៅក្នុងប្រទេស។ លោក Tanaka បានបន្តថា៖ «យើងនៅទីនេះដើម្បីបង្កើនសេវាកម្មក្នុងស្រុក ប្រតិបត្តិការ និងផ្តល់ការគាំទ្រកាន់តែប្រសើរដល់អតិថិជនរបស់យើង»។
ពិធីបើកសម្ពោធបានបញ្ចប់ដោយពិធីពិសាភោជនាហារពេលល្ងាចដែលភ្ញៀវកិត្តិយស បានចូលរួមអបអរអនាគតដ៏មានសក្តានុពលរបស់ ដាយគីន នៅកម្ពុជា។ ឆ្លុះបញ្ចាំងពីដំណើរនាពេលខាងមុខ លោក Uehara បានបង្ហាញសុទិដ្ឋិនិយមដោយបញ្ជាក់ថា «នៅពេលដែលយើងប្រារព្ធខួបលើកទី១០០ របស់យើង យើងទន្ទឹងរង់ចាំអនាគតនៃភាពច្នៃប្រឌិត ការរីកចម្រើន និងភាពជោគជ័យនៅកម្ពុជា»។
ដាយគីន បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបង្កើតបរិយាកាសប្រកបដោយផាសុកភាពដែលនឹងនាំមកនូវសុភមង្គលដល់ប្រជាជនទូទាំងពិភពលោក។ ដោយផ្អែកលើកេរ្តិ៍ដំណែលនៃបច្ចេកវិទ្យាម៉ាស៊ីនត្រជាក់របស់ខ្លួន ក្រុមហ៊ុនមានគោលបំណងផ្តល់នូវខ្យល់ល្អបំផុតដែលតម្រូវតាមគ្រប់កាលៈទេសៈ។ នៅក្នុងការផ្តើមសតវត្សទីពីររបស់ខ្លួន ដាយគីន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចំពោះបេសកកម្មរបស់ខ្លួនគឺ "Perfecting the Air" សម្រាប់រយៈពេល ១០០ឆ្នាំខាងមុខ៕