(ម៉ៃអាម៉ី)៖ លោក Gerardo Martino បានលាលែងពីតួនាទីគ្រូបង្វឹកនៃក្លិប Inter Miami FC ដែលលេងនៅក្របខណ្ឌលីគកំពូលអាមេរិក Major League Soccer ជាផ្លូវការហើយ ក្រោមហេតុផលផ្ទាល់ខ្លួន។ នេះបើយោងតាមការបញ្ជាក់ពីក្លិប។

បុរសសញ្ជាតិអាហ្សង់ទីន វ័យ ៦២ឆ្នាំរូបនេះបានលាឈប់ មុនពេលកិច្ចសន្យាដឹកនាំរបស់លោកនៅសល់ ១ឆ្នាំទៀត។

ក្នុងរដូវកាលដំបូងរបស់លោក Martino បានដឹកនាំ Inter Miami របស់ David Beckham ឈ្នះជើងឯកបាន ២ពានផងដែរ រួមមាន League Cup 2023 និងពានលីគកំពូលអាមេរិក Supporters’ Shield 2024 ដែលមានកៅអីលេងពាន FIFA Club World Cup នៅឆ្នាំក្រោយទៀតផង។

ការលាឈប់របស់អតីតគ្រូបង្វឹកក្លិបអេស្ប៉ាញ FC Barcelona រូបនេះ ក្រោយពេល Inter Miami ទើបហាលអាវពីវគ្គជម្រុះ ក្រោមថ្វីជើងរបស់ Atlanta United ត្រឹមជុំទី១ ប៉ុណ្ណោះនៃកម្មវិធី MLS Cup។

លោក Martino ជាអ្នកជួយសង្រ្គោះ Inter Miami បន្ទាប់ពីពួកគេបានរងបរាជ័យ ១៣ប្រកួត ក្នុងចំណោម ១៨ប្រកួតក្នុងលីគ ស្ថិតក្រោមការដឹកនាំរបស់លោក Phil Neville មុនចូលកាន់តំណែងជំនួសគ្រូបង្វឹកសញ្ជាតិអង់គ្លេសចាប់តាំងពីខែកក្កដា ឆ្នាំ២០២៣ រហូតដល់ឈ្នះជើងលីគអាមេរិកជាលើកដំបូងផងដែរ៕