(បរទេស)៖ នៅថ្ងៃសុក្រសប្តាហ៍នេះ ក្រុមហ៊ុនផលិតទូរស័ព្ទចិន Xiaomi បានសម្ពោធទូរស័ព្ទអេក្រង់បត់ដំបូងបង្អស់របស់ខ្លួនជាផ្លូវការគឺ Mix Flip ដែលមានតម្លៃប្រហែល ៨២៥ដុល្លារ (៥,៩៩៩ យន់)។ ទូរស័ព្ទថ្មីនេះ មានមុខងារពិសេសមួយដែលអ្នកឱ្យអ្នកប្រើប្រាស់បោះពុម្ពរូបភាពបានភ្លាមៗ ដោយប្រើម៉ាស៊ីនបោះពុម្ពចល័តដាច់ដោយឡែក ដែលមានតម្លៃ ៦៨ដុល្លារ (៤៩៩ យន់) និងរួមបញ្ចូលទាំងក្រដាសរូបថត។ នេះបើយោងតាមការចេញផ្សាយដោយ CNBC។

បច្ចុប្បន្ននេះ Mix Flip អាចរកបានសម្រាប់ការបញ្ជាទិញជាមុន ឬ pre-order ខណៈការដឹកជញ្ជូនត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ។ ទន្ទឹមនឹងការសម្ពោធនេះ ក្រុមហ៊ុន Xiaomi ក៏បានណែនាំ Mix Fold 4 ដែលជាកំណែអាប់ដេតនៃទូរស័ព្ទដែលអាចបត់បានរបស់ខ្លួន ដោយរក្សាតម្លៃដូចទៅនឹងជំនាន់មុនគឺ ៨,៩៩៩យន់ (ជាង ១,២០០ ដុល្លារ)។

គួរជម្រាបដែរថា នៅក្នុងកម្មវិធីសម្ពោធផលិតផលនៅថ្ងសុក្រសប្តាហ៍នេះ ស្ថាបនិក Xiaomi លោក Lei Jun បានគូសបញ្ជាក់ពីសមត្ថភាពរបស់ Mix Fold 4 សម្រាប់ការបកប្រែភាសាក្នុងពេលដំណាលគ្នា ដែលអនុញ្ញាតឱ្យបង្ហាញភាសាផ្សេងៗគ្នានៅលើផ្នែកនីមួយៗនៃអេក្រង់។ លក្ខណៈពិសេសនេះមានប្រយោជន៍ជាពិសេសសម្រាប់ការសន្ទនាច្រើនភាសា ព្រោះវាអាចឱ្យមនុស្សពីរនាក់និយាយភាសាផ្សេងគ្នាដើម្បីមើលការបកប្រែរៀងៗខ្លួនក្នុងពេលវេលាជាក់ស្តែង៕