(ភ្នំពេញ)៖ ក្រុមបាល់ទាត់ វិសាខា ត្រៀមបង្ហាញកីឡាករចូលសញ្ជាតិនាពេលឆាប់ៗ ដើម្បីប្រជែងលីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០២៤/២៥ ស្របពេលក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ(CPL) អនុញ្ញាតឲ្យគ្រប់ក្លិបអាចចុះបញ្ជីកីឡាករបរទេសដែលចូលសញ្ជាតិខ្មែរម្នាក់ និងអាចលេងលើទីលានបាន ។ នេះបើតាមការបញ្ជាក់ររបស់កញ្ញា អ៊ូ បញ្ញាសុកិត្យា នាយិការគ្រប់គ្រងក្លិបវិសាខា ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពិធីចាប់ឆ្នោតការប្រកួតលីគរដូវកាលថ្មី កាលពីថ្ងៃទី១៩ ខែកក្កដាកន្លងទៅ ថ្នាក់ដឹកនាំអតីតក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ៣សម័យជាប់គ្នាខាងលើ បានបញ្ជាក់ថា «ច្បាប់ គឺអនុញ្ញាតឲ្យកីឡាករចូលសញ្ជាតិម្នាក់លេងលើទីលាន ។ អ៊ីចឹងច្បាស់ណាស់ វិសាខា នឹងមានកីឡាករចូលសញ្ជាតិ ក្នុងការលេងដូចគ្នា ។ខ្ញុំសង្ឃឹមថា អ្នកគាំទ្រទាំងអស់ នឹងរង់ចាំមើលថា តើជានរណាគេ? ហើយទម្រង់លេងរបស់គាត់លើទីលាន យ៉ាងណាដែរ?» ។
ក្រឡេកមកចាប់អារម្មណ៍ស្ថានភាពកីឡាករបរទេសវិសាខា បច្ចុប្បន្ន គឺមានកីឡាករបរទេសរហូតដល់ ៩រូប ទាំងសមាជិកចាស់ និងកីឡាករក្លិបទើបនាំចូលថ្មី ដោយមិនប្រាកដថា ក្លិបនឹងរក្សាទុកទាំងអស់ ឬមានអ្នកត្រូវចាកចេញ មុនលីគរដូវកាលថ្មី ចាប់ផ្ដើមនោះទេ ក្នុងនោះមានកីឡាករ Khan Mohammed (អាហ្វ្រិកខាងត្បូង), Anderson Zogbe (កូដឌឺវ័រ), Blasco Victor (អេស្ប៉ាញ), Vitalijs Jagodinskis (ឡាតវី), Alisher Mirzaev (អ៊ូបេគីស្ថាន), Park Jung-Bin (កូរ៉េខាងត្បូង), Mouzinho (ទីម័រ), De Andrade Souza Ramon (ប្រេស៊ីល) និងកីឡាករMike Ott(ហ្វីលីពីន) ។
ក្នុងចំណោមកីឡាករបរទេស ៩រូបនេះ គេឃើញមានកីឡាករ ២រូប ដែលត្រូវបានអ្នកគាំទ្ររំពឹងអាចចូលសញ្ជាតិបាន គឺខ្សែការពារ Khan Mohammed និង Anderson Zogbe ដ្បិតអ្នកទាំងពីរ សុទ្ធតែមានបទពិសោធន៍ប្រកបអាជីពក្នុងលីគកំពូលកម្ពុជា លើសពី ៥ឆ្នាំ ។ យ៉ាងណាមិណ មានតែរង់ចាំមើលទាំងអស់គ្នា ថាតើកីឡាករចូលសញ្ជាតិ ដែលថ្នាក់ដឹកនាំវិសាខា បានបង្ហើបខាងលើ គឺជាអ្នកណា?
គួរដឹងថា បច្ចុប្បន្នមានក្លិប ២ ហើយ ដែលមានកីឡាករចូលសញ្ជាតិជាផ្លូវការ ដើម្បីជួយក្រុមនារដូវកាលថ្មីខាងមុខ គឺក្រុមភ្នំពេញក្រោន ដែលមានកីឡាករ Yudai Ogawa ហើយក៏ជាសមាជិកក្រុមជម្រើសជាតិកម្ពុជាផងដែរ ។ រីឯម្នាក់ទៀត ក៏កីឡាករជនជាតិជប៉ុនដូចគ្នា គឺសមាជិកក្លិបព្រះខ័នរាជស្វាយរៀង Hikaru Mizuno ដែលត្រូវបានក្លិបប្រកាសអំពីការទទួលបានសញ្ជាតិខ្មែរ កាលពីថ្មីៗកន្លងទៅ ។
ចាំមើលបន្ទាប់ពីក្លិបទាំងពីរ ក៏ដូចជាវិសាខា ដែលត្រៀមប្រកាសកីឡាករបរទេសទទួលបានសញ្ជាតិខ្មែរ តើនឹងមានក្លិបណាបន្ដទៀត នឹងមានកីឡាករចូលសញ្ជាតិ ដើម្បីត្រៀមប្រយុទ្ធលើសមរភូមិវាលស្មៅ ក្នុងលីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០២៤/២៥ ដែលនឹងចាប់ផ្ដើមការប្រកួតនាថ្ងៃទី១០ ខែសីហាខាងមុខ?