(ឡេវឺខូសិន)៖ ក្លិបអាល្លឺម៉ង់ Bayer Leverkusen បានចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធសញ្ជាតិបារាំង Martin Terrier មកពីក្លិប Stade Rennais លេងនៅលីគបារាំង Ligue 1 លើកិច្ចសន្យារយៈពេល ៥ឆ្នាំ។ នេះបើយោងតាមក្លិបលេងនៅ Bundesliga ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។

កីឡាករវ័យ ២៧ឆ្នាំរូបនេះ បានចូលរួមជាមួយក្លិបម្ចាស់ពានរង្វាន់ជើងឯកលីគ Bundesliga បន្ទាប់ពីចំណាយពេល ៤រដូវកាល លេងនៅក្លិប Rennes ជាទីកន្លែងដែលលោកបានជួយក្លិបមានកៅអី UEFA Champions League ជាលើកដំបូង។

​ស្របពេលដែលព័ត៌មានហិរញ្ញវត្ថុ មិនត្រូវបានបង្ហាញនោះ ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានរាយការណ៍ថា កិច្ចសន្យានេះ មានតម្លៃប្រមាណ ២២លានអឺរ៉ូ (២៤លានដុល្លារ)។

Terrier បានបង្ហាញខ្លួនសរុបចូលគ្នា ២០២ប្រកួតក្នុង Ligue 1 ក្នុងពេលលេងឱ្យក្លិប Lille, Strasburg, Lyon និងក្លិប Rennes ដោយរកបាន ៦០គ្រាប់ និងបញ្ជូនបាល់បាន ២៤លើក។

​សូមជម្រាបថា ក្លិបដែលដឹកនាំដោយគ្រូបង្គោល Xabi Alonso នេះ ក៏បានចុះកិច្ចសន្យាជាមួយខ្សែបម្រើ Aleix Garcia មកពីក្លិបអេស្ប៉ាញ Girona ផងដែរ ដោយកីឡាករវ័យ ២៦ឆ្នាំនេះ បានចុះហត្ថលេខាលើកិច្ចសន្យា ៥ឆ្នាំដូចគ្នា៕