(បរទេស)៖ ក្រុមហ៊ុនផលិត Chat GPT គឺ OpenAI ថ្មីៗនេះបានប្រកាសថា ខ្លួននឹងដាក់ចេញនូវគំរូ AI ខ្នាតតូចថ្មីមួយឈ្មោះថា «GPT-4o mini» ដែលជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់របស់ខ្លួន ក្នុងការបង្កើតបញ្ញាសិប្បនិម្មិត ដើម្បីពង្រីកការប្រើប្រាស់ chatbot ដ៏ពេញនិយមរបស់ខ្លួនជាមួយតម្លៃសមរម្យ និងប្រកបដោយថាមពល។ OpenAI បានហៅការចេញផ្សាយថ្មីនេះថាជា «ម៉ូដែលតូចដែលមានសមត្ថភាព និងសន្សំសំចៃបំផុតនាពេលបច្ចុប្បន្ន» ហើយក៏គ្រោងនឹងបញ្ចូលរូបភាព វីដេអូ និងសំឡេងសម្រាប់ប្រើប្រាស់ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។

ម៉ូដែល AI ខ្នាតតូច នេះគឺជាគំរូនៃ GPT-4o ដែលជាម៉ូដែលលឿនបំផុត និងមានឥទ្ធិពលបំផុតរបស់ OpenAI ដែលវាបានចាប់ផ្តើមនៅក្នុងខែឧសភា ក្នុងអំឡុងពេលព្រឹត្តិការណ៍ផ្សាយផ្ទាល់ជាមួយនាយកប្រតិបត្តិ Sam Altman។ ពាក្យថា «o» នៅក្នុង GPT-4o គឺតំណាងឱ្យ omni ហើយ GPT-4o បានធ្វើឱ្យប្រសើរឡើងនូវសមត្ថភាព សំឡេង វីដេអូ និងអត្ថបទ ជាមួយនឹងសមត្ថភាពក្នុងការគ្រប់គ្រងភាសាចំនួន ៥០ផ្សេងគ្នា ក្នុងល្បឿននិងគុណភាពប្រសើរឡើង។ គំរូ AI ខ្នាតតូចដែលបានប្រកាសចេញនៅពេលនេះ គឺជាផ្នែកមួយនៃការជំរុញរបស់ OpenAI ដើម្បីឈានមុខគេនៃអ្វីដែលក្រុមហ៊ុនហៅថា «ពហុមុខងារ» ឬសមត្ថភាពក្នុងការផ្តល់ជូនដែលបង្កើតដោយ AI ដូចជាអត្ថបទ រូបភាព សំឡេង និងវីដេអូ ជាដើម។

គួរជម្រាប GPT-4o mini បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សម្រាប់អ្នកប្រើប្រាស់ ChatGPT ដោយឥតគិតថ្លៃ រួមជាមួយនឹងអតិថិជន ChatGPT Plus ផងដែរ ហើយក្រុមហ៊ុននឹងដាក់ឲ្យប្រើប្រាស់សម្រាប់ប្រើ ChatGPT Enterprise នៅសប្តាហ៍ក្រោយ៕