(ភ្នំពេញ)៖ ដោយសារតែឥទ្ធិពលសន្តិភាព ស្ថិរភាពសង្គម និងកំណើនសិស្សានុសិស្សកើនឡើងកាន់តែច្រើនឡើង នៅសាខាជ្រោយចង្វារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) បានដាក់សម្ពោធអគារ ៩ ជាន់បន្ថែម ១ទៀតនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. អេឌ្យូខេសិន គណៈកម្មការកម្មវិធីសិក្សា មាតាបិតា សិស្សានុសិស្ស រួមជាមួយភ្ញៀវកិត្តិយសជាច្រើនទៀត។

Aii ដែលជាផ្នែកមួយនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) គឺជាគ្រឹះស្ថានអប់រំក្នុងប្រទេសកម្ពុជា ដែលមានសាខាចំនួន២០ និងកំពុងរៀបចំដំណើរការសាខាបន្តបន្ទាប់ទៀត ហើយបើតាមអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដោយសារតែស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែខ្ពស់ និងដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ក៏ដូចជាសំណូមពរជាច្រើន ពីសំណាក់មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សពីគ្រប់មជ្ឈដ្ឋាន អំពីគុណភាព វិន័យ និងសេវាកម្ម បានធ្វើឲ្យលោកខិតខំប្រឹងប្រែងពង្រីកខ្លួនបង្កើតសាលាឯកជនឲ្យបានច្រើន ដើម្បីចូលរួមអភិវឌ្ឍន៍ជាតិជាមួយរាជរដ្ឋាភិបាល។

លោកក៏ធ្លាប់បានថ្លែងថា នៅសម័យប្រទេសជាតិមានសុខសន្តិភាពពេញលេញ ធ្វើឲ្យយុវជនមានឱកាសច្រើនណាស់ ហេតុនេះហើយយុវជនត្រូវតែប្រឹងប្រែង ដើម្បីអនាគតដ៏ល្អមួយក្នុងជីវិត។

មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) សាខាជ្រោយចង្វា ផ្តល់ជូននូវកម្មវិធីភាសាអង់គ្លេស ចិន និងភាសាថៃ ក៏ដូចជាវគ្គត្រៀមប្រលង TOEFL សម្រាប់អ្នកសិក្សាគ្រប់វ័យ។ អគារថ្មីនេះ មានទីតាំងនៅផ្ទះលេខ EX136 ផ្លូវជាតិលេខ 6A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយនឹងអាចស្វាគមន៍សិស្សានុសិស្សបន្ថែមឱ្យចូលរៀនកាន់តែច្រើនឡើង និងលើកកម្ពស់បទពិសោធសិក្សាបន្ថែមទៀត។ សម្រាប់អគារសិក្សាថ្មីបន្ថែមនេះនឹងប្រើប្រាស់សម្រាប់សិស្សានុសិស្សក្នុងកម្មវិធី Pre-kid Program និង Kid-Program។

លោក ផូ សុផេន នាយក មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) សាខាជ្រោយចង្វារ បានថ្លែងថា ការសម្ពោធអគារសិក្សាថ្មីនេះ គឺជាសក្ខីភាពមួយនៃចក្ខុវិស័យរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ក្នុងការផ្តល់ការអប់រំ និងចូលរួមដល់ការអភិវឌ្ឍជំនាញភាសានៅកម្ពុជា។

អគារថ្មីនេះនឹងចាប់ផ្តើមស្វាគមន៍សិស្សានុសិស្សចាប់ពីកម្រិត Pre-kid 01 ដល់ Kid 04 នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ សម្រាប់វគ្គសិក្សាថ្មីទី៨៤។ ការប្តេជ្ញាចិត្តរបស់ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ក្នុងការផ្តល់ជូននូវកម្មវិធីសិក្សាបែបអាមេរិកាំង និងផ្តោតលើការផ្តល់បរិយាកាសសិក្សាដែលជាគោលតម្លៃស្នូលរបស់សាខាជ្រោយចង្វារ៕