(បរទេស)៖ របាយការណ៍ថ្មីពីក្រុមហ៊ុន Canalys បានបង្ហាញថា ទីផ្សារស្មាតហ្វូនសកលឈានដល់ការកើនឡើងជាលើកទី៣ ជាប់ៗគ្នាពីមួយឆ្នាំទៅមួយឆ្នាំ។ ការនាំចេញនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤ (ចន្លោះខែមេសា ដល់ខែ មិថុនា) មានចំនួនសរុប ២៨៨លានគ្រឿង កើនឡើងប្រមាណ ១២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។

យោងតាមតារាងទីផ្សារស្មាតហ្វូនបានបង្ហាញពីចំណែកទីផ្សារសកលរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនធំៗទាំង ៥ ដោយក្នុងនោះរួមមាន ក្រុមហ៊ុន Samsung ជាប់ចំណាត់ថ្នាក់លេខ ១ កាន់កាប់ចំណែកទីផ្សារ ១៨ភាគរយ, Apple កាន់កាប់ចំណែកទីផ្សារ ១៦ភាគរយ, Xiaomi កាន់កាប់ចំណែកទីផ្សារ ១៥ភាគរយ, vivo កាន់កាប់ចំណែកទីផ្សារ ៩ភាគរយ និង Transsion កាន់កាប់ចំណែកទីផ្សារ ៩ភាគរយ ដូចគ្នា ហើយក្រុមហ៊ុនផលិតស្មាតហ្វូនផ្សេងៗទៀតបូកបញ្ចូលគ្នាបានរហូតដល់ ៣៣ភាគរយឯណោះ។

គួរជម្រាបដែរថា ការកើនឡើងនៃចំនូនលក់របស់ Samsung គឺដោយសារតែការផ្សព្វផ្សាយមុខងារ Galaxy AI នៅលើ Galaxy S24 series និងការប្រកាសចេញ Galaxy A series ស៊េរីថ្មីៗជាដើម។ ចំណែក Honor, Oppo និង Vivo ត្រូវបានគេរាយការណ៍ថា កំពុងធ្វើការលើការពង្រីកវត្តមានរបស់ពួកគេនៅខាងក្រៅប្រទេសចិន ខណៈដែលទីផ្សារក្នុងស្រុកហាក់មានលំនឹង និងកំពុងមានប្រជាប្រិយជាខ្លាំង៕