(បរទេស)៖ ក្រុមហ៊ុន SK Hynix របស់កូរ៉េខាងត្បូងដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំជាប់ចំណាត់ថ្នាក់លេខ២ នៅលើពិភពលោក គ្រោងវិនិយោគ ១០៣ពាន់ពាន់លានវ៉ុន (ប្រហែល ៧៤.៦ពាន់លានដុល្លារ) រហូតដល់ឆ្នាំ២០២៨ ដើម្បីពង្រីកអាជីវកម្មបន្ទះឈីបរបស់ខ្លួនដោយផ្តោតលើបញ្ញាសិប្បនិម្មិត AI និងបន្ទះឈីប HBM។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។
ក្រុមហ៊ុន SK Group ដែលជាមេធំរបស់ SK Hynix បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រហែល ៨០ភាគរយ ឬ ៨២ពាន់ពាន់លានវ៉ុន នឹងត្រូវបានបម្រុងទុកសម្រាប់បន្ទះឈីប HBM ដែលត្រូវបានធ្វើឱ្យប្រសើរឡើងសម្រាប់ការប្រើប្រាស់ជាមួយនឹងឧបករណ៍បង្កើនល្បឿន AI របស់ Nvidia (Computer Hardware)។ ការវិនិយោគនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយរបស់ SK Group ក្នុងការធានាដល់អាជីវកម្មរបស់ខ្លួននាពេលអនាគត ដែលរួមមានថាមពល សារធាតុគីមី និងទូរគមនាគមន៍ផងដែរ។
គួរជម្រាបថា បន្ថែមពីលើការវិនិយោគបន្ទះឈីប HBM ក្រុមហ៊ុន SK Telecom និង SK Broadband ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ SK Group និងផ្សេងទៀតនឹងវិនិយោគ ៣.៤ពាន់ពាន់លានវ៉ុននៅក្នុងអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យរបស់ពួកគេដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើម AI របស់ក្រុមហ៊ុន។ ជុំវិញផែនការវិនិយោគនេះ ក្រុមហ៊ុនមេ SK Group រំពឹងថា វានឹងបង្កើតប្រាក់ចំណូលបានដល់ទៅ ៨០ ពាន់ពាន់លានវ៉ុនឯណោះនៅឆ្នាំ២០២៦ និងបង្កើនប្រាក់ចំណេញមុនពេលបង់ពន្ធប្រហែល ២២ពាន់ពាន់លានវ៉ុននៅឆ្នាំនេះ និងឈានដល់ ៤០ពាន់ពាន់លានវ៉ុននៅឆ្នាំ២០២៦៕