(ភ្នំពេញ)៖ នៅក្នុងទំនាក់ទំនងផ្នែករដ្ឋប្បវេណី ក៏ដូចជាទំនាក់ទំនងផ្នែកពាណិជ្ជកម្មតែងតែមានវិវាទកើតឡើងដោយជៀសមិនផុតឡើយ ។ ជាដំណោះស្រាយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានបង្កើតឡើង ដើម្បីជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទនៅកម្ពុជា សម្តៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី បង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែទៅកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន និងធានាបាននូវភាពសុខដុមរមនានិងយុត្តិធម៌ក្នុងសង្គមជាតិ ។
តើការដោះស្រាយវិវាទនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មានលក្ខណៈបែបណាដែរ?
ដើម្បីយល់ឱ្យកាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «ការដោះស្រាយវិវាទនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» មកធ្វើការបកស្រាយជូនសិស្ស និស្សិត និងបងប្អូនទាំងអស់គ្នា ដូចខាងក្រោម។
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលសរសេរជាអក្សរកាត់ថា អ.ដ.ក. ត្រូវបានបង្កើតឡើងដោយ ព្រះរាជក្រឹត្យលេខ នស/រកត/១១២៣/២៣៨១ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ មានបេសកកម្មដោះស្រាយក្រៅប្រព័ន្ធតុលាការនូវវិវាទរដ្ឋប្បវេណី វិវាទពាណិជ្ជកម្ម និងវិវាទដទៃទៀត តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទ ដោយផ្អែកទៅតាមការព្រមព្រៀងរបស់ភាគីវិវាទ ឬតាមការស្នើសុំរបស់ភាគីវិវាទ ឬដែលភាគីវិវាទយល់ព្រមទទួលយកយន្តការសម្រុះសម្រួលផ្សះផ្សាវិវាទនេះ លើកលែងតែវិវាទដែលមិនអាចជាកម្មវត្ថុនៃការសម្រុះសម្រួលផ្សះផ្សា តាមការកំណត់របស់ច្បាប់ ។ ការសម្រុះសម្រួលដោះស្រាយវិវាទក្នុងក្របខណ្ឌនៃ អ.ដ.ក. មិនអាចធ្វើបានឡើយចំពោះបទល្មើសព្រហ្មទណ្ឌ លើកលែងតែច្បាប់អនុញ្ញាត ។
ការដោះស្រាយវិវាទនៅក្នុងក្របខណ្ឌ អ.ដ.ក. ត្រូវធ្វើឡើងដោយមន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទដែលទទួលបានការចាត់តាំងពី អ.ដ.ក. ឬដោយក្រុមការងារសម្រុះសម្រួលដោះស្រាយវិវាទ ដែលទទួលបានការចាត់តាំងពី អ.ដ.ក. ឬដោយ អ.ដ.ក. ។ ក្នុងកិច្ចសម្រុះសម្រួលផ្សះផ្សាវិវាទ មន្រី្តសម្រុះសម្រូលដោះស្រាយវិវាទ ត្រូវផ្តល់ឱកាសឱ្យភាគីវិវាទនូវឱកាសព្រមព្រៀងដោះស្រាយដោយសន្តិវិធី និងដោយគ្មានការធ្វើការសម្រេចសេចក្តីដោយបង្ខំណាមួយឡើយ ។ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទ អាចផ្តល់មតិជាការវាយតម្លៃអំពីវិវាទ ស្នើនូវដំណោះស្រាយសម្រាប់វិវាទ និងផ្តល់យោបល់អំពីផលវិបាកដែលអាចកើតមានពីការព្រមព្រៀងបញ្ចប់វិវាទ ។
ប៉ុន្តែនៅគ្រប់ករណីទាំងអស់ រាល់ដំណោះស្រាយចំពោះវិវាទត្រូវតែគោរពតាមឆន្ទៈយល់ព្រមដោយសេរី និងដោយស័្មគ្រចិត្តពីភាគីវិវាទ ។ ក្នុងករណីភាគីនៃវិវាទសះជាបញ្ចប់វិវាទនឹងគ្នា មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទ ឬក្រុមការងារសម្រុះសម្រួលដោះស្រាយវិវាទ ឬ អ.ដ.ក. ដែលបានទទួលចាត់ការករណីនេះ ត្រូវចេញកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ។ ក្នុងករណីមិនមានបណ្តឹងតវ៉ាក្នុងរយៈពេល ៣០ ថ្ងៃ ឬបណ្តឹងតវ៉ាត្រូវបានសម្រេចបដិសេធដោយ អ.ដ.ក.កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ត្រូវចាត់ទុកថា ធ្វើឡើងត្រឹមត្រូវស្របតាម បទប្បញ្ញត្តិនៃព្រះរាជក្រឹត្យលេខ នស/រកត/១១២៣/២៣៨១ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទដែលធ្វើឡើងត្រឹមត្រូវស្របតាមបទប្បញ្ញត្តិនៃព្រះរាជក្រឹត្យខាងលើ មានតម្លៃគតិយុត្តដូចលិខិតយថាភូត និងត្រូវទុកជាបន្ទាល់ដែលតុលាការត្រូវជឿជាក់រហូតដល់មានភស្តុតាងផ្ទុយ ឬមានភស្តុតាងដែលបង្ហាញអំពីការក្លែងបន្លំ ឬវិការៈដទៃទៀតនៅក្នុងកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទនោះ ។ កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទនេះ មានអានុភាពអនុវត្តដូចគ្នានឹងសាលក្រមស្ថាពររបស់តុលាការ និងត្រូវចាត់ទុកជាលិខិតអនុវត្ត ដូចមានចែងក្នុងចំណុច «ឈ» នៃកថាខណ្ឌទី២ នៃមាត្រា ៣៥០ នៃក្រមនីតិវិធីរដ្ឋប្បវេណី ។
សរុបសេចក្តីមក ការដោះស្រាយវិវាទនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាការដោះស្រាយវិវាទដោយប្រើប្រាស់យន្តការថ្នាក់ជាតិតាមរយៈការសម្រុះសម្រួលផ្សះផ្សា ដែលធានាបាននូវបរិយាកាសឈ្នះៗសម្រាប់ ភាគីវិវាទ ហើយអ្វីដែលកាន់តែមានលក្ខណៈពិសេសទៀតនោះ គឺកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទចេញដោយមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ឬក្រុមការងារសម្រុះសម្រួលដោះស្រាយវិវាទ ឬ អ.ដ.ក. ដែលធ្វើឡើងត្រឹមត្រូវស្របតាមបទប្បញ្ញត្តិនៃព្រះរាជក្រឹត្យលេខ នស/រកត/១១២៣/២៣៨១ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ មានអានុភាពអនុវត្តដូចគ្នានឹងសាលក្រមស្ថាពររបស់តុលាការ និងត្រូវចាត់ទុកជាលិខិតអនុវត្ត ។
រៀបរៀងដោយ៖ កញ្ញា គន្ធ វិជិតា ជាប្រធានផ្នែកសេវាកម្មច្បាប់ និងលោក ភា ពិសិដ្ឋ ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕