(ម៉ូនិច)៖ ២ប្រកួតវគ្គចាញ់-ធ្លាក់នារាត្រីនេះក្នុងពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប Euro 2024 នៅប្រទេសអាល្លឺម៉ង់ គឺជាការជួបគ្នារវាងតោកំណាចអង់គ្លេស ប៉ះស្លូវ៉ាគី នៅមុនពេលគោជល់អេស្ប៉ាញ ជួបក្រុមក្មេងខ្ចីជាងគេ ហ្ស៊កហ្ស៊ី ក្នុងការដណ្តើមកៅអីឡើងទៅវគ្គ ៨ក្រុមជាបន្តទៀត។

១ប្រកួតដំបូងនាម៉ោង ១១យប់ថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា) គឺជាការជួបគ្នារវាងក្រុមជម្រើសជាតិអង់គ្លេស អតីតរងជើងឯកកាលពី Euro 2020 ត្រូវប៉ះក្រុមលេខ៣ ល្អ ស្លូវ៉ាគី ដែលធ្វើឡើងនៅកីឡដ្ឋាន VELTINS-Arena ដោយមានលោក Halil Meler សញ្ជាតិតួកគី ជាមន្រ្តីអាជ្ញាកណ្តាលលើទីលាន។ រវាងក្រុមឈ្នះ នឹងឡើងទៅជួបស្វីស ដែលបានទម្លាក់ក្រុមការពារជើងឯកអ៊ីតាលី នៅថ្ងៃបើកឆាកវគ្គ ១៦ក្រុមនាយប់មិញនេះ។

ចំណែកឯ ១ប្រកួតទៀតនាម៉ោង ២យប់រំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃចន្ទ ទី០១ ខែកក្កដាវិញ គឺជាការជួបគ្នារវាងក្រុមខ្លាំងអេស្ប៉ាញ អតីតជើងឯកអឺរ៉ុប ៣ជំនាន់ច្រើនជាងគេ ត្រូវប៉ះក្រុមក្មេងខ្ចីនៅ Euro ក្នុងចំណោម ២៤ក្រុមលើកនេះ គឺហ្ស៊កហ្ស៊ី ធ្វើឡើងនៅកីឡដ្ឋាន RheinEnergieSTADION ដោយមានលោក Francois Letexier សញ្ជាតិបារាំង ជាមន្រ្តីអាជ្ញាកណ្តាលលើទីលានផងដែរ។

ក្រុមឈ្នះ នឹងឡើងទៅប៉ះអាល្លឺម៉ង់ ក្នុងវគ្គ ៨ក្រុមចុងក្រោយជាបន្តទៀត ដ្បិតម្ចាស់ផ្ទះឥន្រ្ទីដែក ទើបតែបានទម្លាក់គូប្រជែងដាណឺម៉ាក ពីក្នុងវគ្គ ១៦ក្រុមរួចមកដោយលទ្ធផល ២ទល់នឹង០៕