(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងវាយតម្លៃខ្ពស់ លើកម្មវិធីសិក្សាដ៏សម្បូរបែបរបស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ជាពិសេសកម្មវិធីសិក្សា ដែលផ្ដោតលើភាសា វប្បធម៌ និងអរិយធម៌ខ្មែរ ដែលជួយឲ្យប្អូនៗ សិស្សានុសិស្សនៃសាលា អន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ទទួលបានមិនត្រឹមតែចំណេះដឹង និងបំណិនប្រកបដោយគុណភាពខ្ពស់ កម្រិតពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ទទួលបានការយល់ដឹងអំពីវប្បធម៌ និងអរិយធម៌ដ៏ផូរផង់របស់ខ្មែរថែមទៀតផង។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងការកោតសរសើរនេះ ក្នុងពិធីប្រគល់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិអន្តរជាតិ ដល់សិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ចំនួន១៩១រូប ដែលបាន ប្រព្រឹត្តទៅនៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សែនសុខ ក្រោមអធិបតីភាពរបស់លោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីផ្ទាល់ និងមានការចូលរួមពី លោកឧកញ៉ាបណ្ឌិត ត្រាំង លី ប្រធានក្រុមប្រឹក្សាភិបាលសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ និងលោក ម៉ៃឃល វ៉ែល ប្រធាន នាយកប្រតិបត្តិសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជ័យលាភី និងមាតាបិតា អ្នកអាណាព្យាបាលសិស្សជាច្រើនរូបទៀត។

នៅក្នុងពិធីប្រគល់សញ្ញាបត្រនេះផងដែរ លោកឧកញ៉ាបណ្ឌិត ត្រាំង លី បានថ្លែងស្វាគមន៍ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចំណាយ ពេលវេលាដ៏មានតម្លៃ និងការផ្ដល់កិត្តិយសអញ្ជើញចូលរួម របស់លោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ហើយបានរៀបរាប់ដោយសង្ខេបជូនគណៈអធិបតី និងអង្គពិធីទាំងមូលពីវឌ្ឍនភាព ក៏ដូចជាគុណតម្លៃរបស់ សាលាក្នុងការរួមចំណែកបណ្ដុះបណ្ដាល និងលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។

ក្នុងនោះ លោកឧកញ៉ាបណ្ឌិត បានសង្កត់ធ្ងន់ថា សាលាអន្តរជាតិស៊ី អាយ អេ ហ្វឺសត៍ ផ្ដល់ជូនមុខវិជ្ជាត្រៀមមហាវិទ្យាល័យ AP (Advanced Placement Course) និង AP Capstone Diploma សម្រាប់សិស្សចាប់ពីថ្នាក់ទី១០ ដល់ទី១២ ដើម្បីពួកគេអាចត្រៀមខ្លួនរួចរាល់សម្រាប់ ការសិក្សាក្នុងកម្រិតឧត្ដមសិក្សា។ ការសិក្សាលើមុខវិជ្ជាទាំងនេះបាន ធ្វើឲ្យបណ្ដាសាកលវិទ្យាល័យធំៗ នៅសហរដ្ឋអាមេរិក និងអឺរ៉ុបបានទទួលស្គាល់សិស្សសាលាអន្តរជាតិស៊ី អាយ អេ ហ្វឺសត៍ ជាបេក្ខជនលេចធ្លោក្នុងដំណើរការជ្រើសរើសឲ្យចូលរៀន និងជ្រើសរើសនិស្សិតអាហារូបករណ៍។

ក្នុងន័យនេះ សិស្សដែលបានបញ្ចប់ការសិក្សានៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ជាង ៩០% បាននិងកំពុងបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ ក្នុងសាកលវិទ្យាល័យល្បីៗនៅក្រៅប្រទេសជាច្រើនដូចជា សហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស អូស្ត្រាលី និងនូវែលហ្សេឡង់ជាដើម នៅតាមសាកលវិទ្យាល័យ ល្បីៗរួមមាន សាកលវិទ្យាល័យ Monash University សាកលវិទ្យាល័យ Melbourne សាកលវិទ្យាល័យ Sydney សាកលវិទ្យាល័យ Queensland សាកលវិទ្យាល័យ Yale University សាលាយោធា West Point និង US Air Force Academy សាកលវិទ្យាល័យ Michigan State University សាកលវិទ្យាល័យ The Ohio State University សាកលវិទ្យាល័យ Pennsylvania State University សាកលវិទ្យាល័យ Seattle សាកលវិទ្យាល័យ University of Toronto សាកលវិទ្យាល័យ University of Nottingham និងសាកលវិទ្យាល័យ University of London។

លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់សាលា លោកឧកញ៉ាបណ្ឌិត ត្រាំង លី បានគូសបញ្ជាក់ថា សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ កំពុងតែសាងសង់ទីតាំងសិក្សាថ្មីមួយបន្ថែមទៀត ស្ថិតក្នុងសង្កាត់ ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីរួមចំណែកពង្រីកវិសាលភាពវិស័យអប់រំឯកជន ដែលប្រកប ដោយគុណភាពដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលបានកំណត់យកការអភិវឌ្ឍមូលធនមនុស្សជា អាទិភាព ទី១។

សូមបញ្ជាក់ថា សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិអន្តរជាតិ ដែលប្អូនៗសិស្សានុសិស្សទទួលបាននៅ ពេលនេះជាសញ្ញាបត្រដែលមានការទទួលស្គាល់គុណភាពអប់រំដោយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង គណៈកម្មការវាយតម្លៃ និងទទួលស្គាល់គុណភាពអប់រំអន្តរជាតិ ដែលហៅកាត់ថា WASC (Western Association for Schools and Colleges)។ ក្នុងបេសកកម្មបន្ទាប់ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ នឹង បន្តចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍធនធានមនុស្សដែល មានទឹកចិត្ត និងឆន្ទៈមោះមុត ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាពលរដ្ឋសកលដែលមានទាំងវិជ្ជាសម្បទា បំណិន សម្បទា និងចរិយាសម្បទាគ្រប់ជ្រុងជ្រោយ៕