(ប៊ែកឡាំង)៖ ក្រុមការពារតំណែងជើងឯក អាសូរីអ៊ីតាលី នឹងត្រូវប្រកួតបើកឆាកវគ្គ ១៦ក្រុមចុងក្រោយពានរង្វាន់អឺរ៉ុប UEFA European Championship 2024 ទល់នឹងជម្រើសជាតិស្វីស នៅមុនពេលម្ចាស់ផ្ទះអាល្លឺម៉ង់ ពើបប្រទះដាណឺម៉ាក នាយប់រំលងអាធ្រាត្រនេះ។

១ប្រកួតបើកឆាកវគ្គចាញ់-ធ្លាក់រវាងជើងឯកចាស់កាល Euro 2020 អ៊ីតាលី និងស្វីស ធ្វើឡើងនាម៉ោង ១១យប់ (ម៉ោងនៅកម្ពុជា) នាថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅកីឡដ្ឋានជាតិអាល្លឺម៉ង់តែម្តងគឺ Olympiastadion ដោយមានលោក Szymon Marciniak សញ្ជាតិប៉ូឡូញ ជាមន្រ្តីអាជ្ញាកណ្តាលលើទីលាន។

គួរបញ្ជាក់ផងថា អ៊ីតាលី អតីតជើងឯក Euro ២សម័យកាលផងនោះ ជាក្រុមលេខ២ ចេញពីពូល B ដែលត្រូវប៉ះគូប្រជែងស្វីស ក្រុមលេខ២ ចេញពីពូល A ដើម្បីប្រជែងកៅអីឡើងទៅវគ្គ ៨ក្រុមជាបន្តទៀត។

ចំណែកឯ ១ប្រកួតទៀតនាម៉ោង ២យប់រំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃអាទិត្យ ទី៣០ ខែមិថុនាវិញ គឺជាការជួបគ្នារវាងម្ចាស់ផ្ទះឥន្រ្ទីដែកអាល្លឺម៉ង់ និងដាណឺម៉ាក ធ្វើឡើងនៅកីឡដ្ឋាន Signal Iduna Park ដោយមានលោក Michael Oliver សញ្ជាតិអង់គ្លេស ជាអាជ្ញាកណ្តាលលើទីលានផងដែរ។

អាល្លឺម៉ង់ ដែលមានគ្រូបង្វឹកក្មេងជាងគេ ក្នុងចំណោម ២៤ក្រុមនៅ Euro ជំនាន់ទី១៧ នេះ ជាក្រុមលេខ១ ចេញពីពូល A តាមរយៈលេង ៣ប្រកួតសន្សំពិន្ទុក្នុងពូលមិនចាញ់ ក្រៅពីឈ្នះ២ និងស្មើ១ ដ្បិតគូប្រជែងដាណឺម៉ាកវិញ ដែលមានកីឡាករស្នូល Christian Eriksen ជាក្រុមលេខ២ ចេញពីពូល C តាមរយៈលេងស្មើទាំង ៣ប្រកួតតែម្តង តាមពីក្រោយក្រុមកំពូលតារាងតោកំណាចអង់គ្លេស ដែលលេងមិនចាញ់នោះ៕