(បរទេស)៖ ភាគហ៊ុនរបស់ក្រុមហ៊ុនលក់ទំនិញអនឡាញយក្ស Amazon បានឈានដល់ ១៩៣.៦១ក្នុងមួយហ៊ុននៅថ្ងៃពុធសប្តាហ៍នេះ ដែលជំរុញឱ្យតម្លៃក្រុមហ៊ុននេះលើទីផ្សារឈានដល់ ២ពាន់ពាន់លានដុល្លារជាលើកដំបូង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

ឆ្លងកាត់ភាពជោគជ័យមួយនេះ បានធ្វើឲ្យក្រុមហ៊ុន Amazon បានចូលរួមជាមួយក្រុមហ៊ុនយក្សធំៗផ្សេងទៀតលើទីផ្សាររួមមាន Nvidia, Apple, Alphabet និង Microsoft ត្បិតក្រុមហ៊ុនទាំងនេះ បានប្តូរវេនគ្នាជាបន្តបន្ទាប់ ក្នុងនាមជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើទីផ្សារ។ ជាក់ស្តែង ក្រុមហ៊ុន Nvidia ដែលផលិតម៉ាស៊ីនមេ AI នោះ ត្រូវបានគេដឹងថា ជាអ្នកទទួលផលដ៏ធំបំផុតមួយក្នុងសម័យបច្ចេកវិទ្យានេះ ដោយតម្លៃទីផ្សាររបស់វាកើនឡើងពី ២ពាន់ពាន់លានដុល្លារដល់ ៣ពាន់ពាន់លានដុល្លារក្នុងរយៈពេលត្រឹមតែជាង៣ខែប៉ុណ្ណោះ។

គួរជម្រាបថា ប្រការដែលធ្វើឲ្យក្រុមហ៊ុន Amazon ឈានដល់តម្លៃថ្លៃបែបនេះ គឺបន្ទាប់ពីភាគហ៊ុនក្រុមហ៊ុននេះ បានកើនឡើង ២៧.៥% នៅឆ្នាំនេះ។ ជាក់ស្តែង នៅក្នុងខែមេសាកន្លងទៅ ក្រុមហ៊ុននេះ បានរាយការណ៍ពីប្រាក់ចំណូលត្រីមាសទី១ ដែលបង្ហាញថាអាជីវកម្ម Amazon Web Services របស់ខ្លួនកំពុងបន្តស្ទុះងើបឡើងវិញ។ នាយកប្រតិបត្តិក្រុមហ៊ុន Amazon ក៏បាននិយាយដែរថា AWS អាចទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃតម្រូវការសម្រាប់សេវាកម្ម AI ជំនាន់ថ្មីនេះ៕